ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទបញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។លោកអភិបាលរងខេត្តក៏បានជម្រុញដល់អាជ្ញាធរក្រុង-ស្រុកទាំង២ ឃុំ-សង្កាត់ទាំង ៨ឃុំ-សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ធ្វើយ៉ាងត្រូវខិតខំរួមគ្នាបំពេញការងារឱ្យដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នាផងដែរ។
ក្នុងឱកាសនោះផងដែរ លោក ចេង ញ៉ាន់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា៖ រយៈពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ខេត្តប៉ៃលិន មានមណ្ឌលបោះឆ្នោតចំនួន១ ស្មើនឹង ១២២ការិយាល័យបោះឆ្នោត មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ៤៥៧៤០នាក់ ស្រី២៣២៤៩នាក់។ លោកបានបញ្ចាក់ថា សម្រាប់ខេត្តប៉ៃលិន មានគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សរុបចំនួន ១០គណបក្សប៉ុណ្ណោះ៕