នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកសាលាក្រៅ ក្រោមអធិបតីភាព លោក សួន ហ៊ឹម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀតសរុបប្រមាណ ៣១៣នាក់។
ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាស្រុកសាលាក្រៅ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតជំរុញទៅលើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត, កង្វះខាតអគ្គីសនីប្រើប្រាស់, ការកសាងប្រព័ន្ធប្រឡាយទឹកសំរាប់បំរើការងារកសិកម្ម, ការផ្ដល់សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ, ការចុះសំបុត្រអត្រានុកូលដ្ឋាន, ការងារដោះស្រាយទំនាស់ដីធ្លីជាដើម។
លោក សួន ហ៊ឹម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅបានថ្លែងថា៖ វេទិកានាពេលនេះធ្វើឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ នូវសមិទ្ធផលនានាដែលរដ្ឋាភិបាលបាន ខិតខំកសាងនាពេលកន្លងមក និង ជម្រាបជូនអំពីតួនាទីរបស់ អភិបាលស្រុកនិង តួនាទីរបស់ក្រុមប្រឹក្សា ស្រុក ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាបព្រមទាំងដើម្បីផ្ដល់ឱកាសជូន ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់បានបព្ចោញមតិរបស់ខ្លួនដែលពាក់ព័ន្ធ នឹង ក្ដីកង្វល់សំណូមពរ និងតំរូវការជាក់ស្ដែង ក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយ និង ឆ្លើយតបរាល់តំរូវការសំណូមពរ ដែលបានលើកឡើងបានចំ គោលដៅទាន់ពេលវេលាក្នុងការ កែលំអរក្នុងសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរជាពិសេស ពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋលើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅនឹង គោលការណ៍នៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅបានជម្រាបជូនអំពីរបាយការណ៍សង្ខេបរបស់ រដ្ឋបាលស្រុកស្តីពី ការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប៉ៃលិន លើគ្រប់វិស័យចាប់តាំងពីទីប្រជុំជន ក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋានដែល ទាំងនោះ រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម និង វិស័យផ្សេងៗ ជាច្រើន ទៀត ពិសេសការផ្តល់សេវាសាធារណៈ ភ្លើងបំភ្លឺតាមដងផ្លូវ ការស្ថាបនាផ្លូវកៅស៊ូឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និង ការងារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈជាដើម។ ដែលទាំងនេះក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានគោលនយោបាយដឹកនាំ ច្បាស់លាស់ ប្រកបដោយគតិបណ្ឌិត ហើយតែងគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលគ្រប់ទីកន្លែងទាំងអស់នៅទូទាំងខេត្តប៉ៃលិនយើង។
ជាចុងក្រោយអង្គវេទិកាផ្សព្វផ្សាយបានស្រាយបំភ្លឺ និង សម្របសម្រួលពីមន្ត្រីជំនាញពាក់ព័ន្ធនូវបញ្ហា និង សំណូមពរ របស់ប្រជាពលរដ្ឋដែល បានលើកឡើងក្នុងនោះសំណួរផ្ទាល់មាត់និងតាមរយះប្រអប់សំបុត្រ សំណូមពរសរុបចំនួន ២០ និងសំណួរសរុបចំនួន០៤ បានធ្វើការស្រាយបំភ្លឺចំនួន ២២ហើយ មួយចំនួនទៀត ដែលនៅសេសសល់ និង យកទៅ ប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និង ដោះស្រាយ នៅពេលក្រោយ ដើម្បីលើកកម្ពស់ ការអភិវឌ្ឍ មូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកបញ្ហា និង សំណូមពររបស់ប្រជាពលរដ្ឋចោលឡើយ ។
នាឱកាសនោះ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះ ធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែង ជាមួយអង្គភាពពាក់ព័ន្ធ ហើយបញ្ហាដែលនៅសេសសល់ និងត្រូវដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់បន្តទៀត។លោកអភិបាលស្រុកក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានាថ្ងៃទី ២៣ កក្កដា ២០២៣ ខាងមុខ៕