ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សឃុំស្ទឹងត្រង់ រសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្ត បានអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មី ដែលជាអតីតថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនចំនួន ១៧៤នាក់ មកពីឃុំស្ទឹងត្រង់, ឃុំស្ទឹងកាច់, ឃុំសាលាក្រៅ និងអូរអណ្តូង នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ ព្រោះ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា ។
លោកជំទាវប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះការសម្រេចចិត្តចូលរួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយនេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និង មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នដោយឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ មានថ្នាក់ដឹកនាំ សមាជិកបក្សផ្សេងៗជាច្រើន បានលាលែងចេញពីគណបក្សរបស់ខ្លួន និងស្នើសុំចូលបម្រើក្នុងជីវភាពរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជាមួយសម្តេចតេជោ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិរបស់យើង ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។
នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ក៍បានមានប្រសាសន៍ជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិទាំងអស់ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕
ជាមួយគ្នានោះ តំណាងសមាជិកថ្មី បានឡើងធ្វើសច្ចាប្រណិធាន ប្តេជ្ញាស្មោះត្រង់ ជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងគោរព អនុវត្តតាមគោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជារៀងរហូតដោយឥតងាករេ។ព្រមទាំងប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។
អត្ថបទ៖ លោក ញ៉ឹប បូរី