(ភ្នំពេញ)៖ រាជរដ្ឋាភិបាលតែងកែសម្រួល និងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាពិសេសមុខងារដែលអនុញ្ញាតឱ្យធុរជន និងវិនិយោគិន អាចលើកឡើងអំពីបញ្ហាប្រឈម និងផ្តល់មតិយោបល់កែលម្អ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជា ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ ការលើកឡើងឲ្យដឹងបែបនេះពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ និងដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការនៅពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សម្រាប់ដំណាក់កាលទី ៣នេះ យើងអាចរៀបចំពិធី ប្រកាសដាក់ឱ្យដំណើរការដោយផ្ទាល់ឡើងវិញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការផ្សាយបន្តផ្ទាល់ផងដែរ នៅលើបណ្តាញសង្គម ដែលការណ៍នេះសបញ្ជាក់ ឱ្យឃើញពីជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការយក ឈ្នះលើសមរភូមិប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនទាំងអស់ ចូលរួមទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ទាំងការប្រើប្រាស់សេវា, ទាំងការផ្តល់មតិស្ថាបនាល្អៗ, ដើម្បីបន្តអភិវឌ្ឍថ្នាលឱ្យកាន់តែមានប្រសិទ្ធភាព និងងាយប្រើប្រាស់។
ម្យ៉ាងទៀត ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំង៣ ដំណាក់កាលកន្លងមក តែងមានការកាត់បន្ថយនូវនីតិវិធី, ថិរវេលា និងថវិកា ក្នុងគោលដៅផ្ដល់ភាពងាយស្រួលឱ្យបានជាអតិបរមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។ រាជរដ្ឋាភិបាល បានកំណត់ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលជាអាទិភាពគន្លឹះមួយដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញឱ្យមានការបង្កើតគំរូសេដ្ឋកិច្ចថ្មី, ការបង្កើនផលិតភាពក្នុងគ្រប់វិស័យ និងការធានាបាននូវកំណើនសេដ្ឋកិច្ចជារួម។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរយៈពេលវែងចំនួន២ គឺក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល, សេដ្ឋកិច្ច និង សង្គមឌីជីថល វៃឆ្លាត និងរស់រវើក។
សូមបញ្ជាក់ថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល, សេដ្ឋកិច្ច និងសង្គមឌីជីថល។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ បានអនុញ្ញាតឱ្យគ្រប់ក្រុមហ៊ុន-សហគ្រាស អាចចុះបញ្ជីជាកញ្ចប់ជាមួយនឹងក្រសួង-ស្ថាប័នចំនួន ៣ រួមមាន ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាចចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project – QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕