(អាម៉េរិក)៖ ដោយយោងតាមមន្ត្រីឆ្មំាសមុទ្រជាតិអាម៉េរិកបានថ្លែងប្រាប់ដល់បណ្តាញផ្សព្វផ្សាយនៅថ្ងៃនេះថា មនុស្សនៅក្នុងនាវាមុជទឹកទីតាន់(Titan)ចំនួនទំាង៥នាក់បានស្លាប់ទំាងអស់ ដោយសារតែការផ្ទុះនៅក្នុងកណ្តាលជលស័យខណៈដែលធ្វើដំណើរចូលទៅទស្សនាខ្មោចនាវាទីតានិក ដែលក្រឡាប់លិចកាលពីឆ្នំា១៩១២នៅក្នុងមហាសាគរនោះ។
ក្រុមមន្រ្តីឆ្មំាសមុទ្រជាតិអាម៉េរិកដដែលបានឱ្យដឹងបន្តទៀតថា ក្រោយពេលធ្វើដំណើរបានជាងមួយម៉ោងនាវាមុជទឹកទីតាន់បានដាច់ការទាក់ទង ដោយសារតែការផ្ទុះបែកជាបំណែក។ ដោយផ្អែកតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនអូសៀន ហ្គេដ(OceanGate)មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានលើកឡើងសម្តែងនូវការកាន់ទុក្ខថា បេះដូងរបស់យើងស្ថិតនៅជាមួយនឹងដួងព្រលឹងអ្នកទំាង៥នាក់នោះ ហើយសូមចូលរួមជាមួយនឹងក្រុមគ្រួសារនៅក្នុងគ្រាដ៏សោកសៅនេះ។ អស់រយៈពេលជាច្រើនថ្ងៃ មានក្រុមអ្នកស្រាវជ្រាវជាច្រើននាក់មកពីច្រើនប្រទេសនៅជុំវិញពិភពលោកបានប្រឹងប្រែងជួយរុករក ដោយពង្រីករង្វង់ប្រតិបត្តិការជួយសង្គ្រោះនិងរុករករហូតដល់ជាង២ម៉ឺនគីឡូម៉ែត្រក្រឡានៅលើផ្ទៃមហាសាគរអាត្លង់ទិកភាគខាងជើង ប៉ុន្តែជាអកុសលអ្នកទំាង៥នាក់នោះមិនមានវាសនាបានវិលត្រឡប់មកវិញឡើយ។
ដោយឡែកក្រុមមន្រ្តីជួយសង្គ្រោះ និងអ្នកវិភាគទៅលើសម្លេងចម្លែកដែលរកប្រភពមិនឃើញកាលពីដើមសប្តាហ៍នេះបានលើកឡើងដែរថា សម្លេងហាក់ដូចជាការប៉ះទង្គិចអ្វីម្យ៉ាងនៅក្រោមទឹកនោះអាចមិនពាក់ព័ន្ធនឹងនាវាទីតាន់នោះទេ ។ តាមការវិភាគលើឧបករណ៍ដែលគេទម្លាក់ចូលទឹកមហាសមុទ្រដើម្បីរុករកសញ្ញាជីវិតនិងស្នូរសម្លេងបានឱ្យដឹងថា នៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ កន្លងទៅនេះ អាចអ្នកទំាង៥នាក់នោះនៅមានសញ្ញាជីវិតនៅឡើយ។ ក្រុមមន្ត្រីឆ្នំាសមុទ្រជាតិអាម៉េរិកដដែលបានឱ្យដឹងទៀតថា បំណែកសំខាន់ៗរបស់នាវាមុជទឹកទីតាន់ និងជនរងគ្រោះទំាង៥នាក់នោះ ត្រូវបានគេរកឃើញអស់ហើយ។
គួររំលឹកផងដែរថា ដំណើរទស្សនាចរនៅបាតសមុទ្របានក្លាយទៅជាទីពេញនិយមសម្រាប់អ្នកមានថវិកាគ្រប់គ្រាន់និងក្រុមមហាសេដ្ឋីក្នុងលោក ជាពិសេសគឺការទៅមើលដោយផ្ទាល់នៃខ្មោចនាវាទីតានិក ដែលបានលិចកាលពីឆ្នំា១៩១២ ដែលកាលណោះបង្កឱ្យស្លាប់មនុស្សច្រើនជាង ១៥០០នាក់ ស្ថិតនៅចម្ងាយប្រមាណជា១៤៥០គីឡូម៉ែត្រភាគខាងកើតខេប ខូដ(Cape Cod) រដ្ឋម៉ាស្សាឈូសេត ហើយស្ថិតនៅទីតំាងចម្ងាយប្រមាណជា៦៤០គីឡូម៉ែត្រពីភាគខាងត្បូងតំបន់ហ្សង់ចន(St. John) នៃផ្ទៃមហាជលស័យ។ យោងតាមវិបសាយអូសៀន ហ្គេដ (Ocean Gate)ដំណើរទស្សនាចរបែបផ្សងព្រេងទៅកាន់បាតមហាសមុទ្រ ត្រូវបានក្រុមហ៊ុនអូសៀន ហ្គេដ(Ocean Gate) បើកឱ្យដំណើរការចាប់តំាងពីឆ្នំា២០២១ ដែលគេត្រូវចំណាយថវិកាក្នុងមនុស្សម្នាក់ចំនួន២៥ម៉ឺនដុល្លារអាម៉េរិក។ ងាកទៅខាងបញ្ហាបច្ចេកទេសវិញម្តង រឿងបញ្ហាសុវត្ថិភាពត្រូវបានគេលើកយកមកជជែកនិងចោទជាសំណួរម្តងដែរ កាលពីឆ្នំា២០១៨កន្លងទៅ នៅក្នុងសិប្បសាលាមួយដោយមានក្រុមអ្នកជំនាញការចូលរួម ប៉ុន្តែកាលណោះមិនត្រូវបានគេយកមកពិចារណាល្អិតល្អន់នោះទេ៕