(ឥណ្ឌា) ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា ដោយសារតែសីតុណ្ហភាពកើនឡើងខ្លាំង បានបណ្តាលឱ្យមនុស្សជិត ១៧០ នាក់ស្លាប់នៅក្នុងរដ្ឋភាគខាងជើងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។
ជាងនេះទៅទៀត កំណើនរលកកម្តៅដ៏ខ្លាំងក្លា បានបណ្តាលឱ្យអ្នកជំងឺកាន់តែច្រើនឡើង មកមន្ទីរពេទ្យដើម្បីព្យាបាល ប៉ុន្តែវាក៏បានបង្កជាផលប៉ះពាល់ផ្សេងៗ ដល់មន្ទីរពេទ្យទាំងអស់នោះ រួមមាន កង្វះខាតធនធានវិជ្ជសាស្ត្រ បង្កើនការប្រើប្រាស់ថាមពលអគ្គិសនី និងដាច់ទឹកជាដើម ហើយវាក៏បានធ្វើឱ្យស្ថានភាពកាន់តែអាប់អួបន្ថែមទៀត ។ ដំណាលគ្នានេះ នាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានព្យាករណ៍កាលពីដើមសប្តាហ៍នេះថា សីតុណ្ហភាពនាពេលថ្មីៗនេះបានបន្តកើនឡើងលើសពីមធ្យមភាគ ដោយកម្រិតខ្ពស់បំផុតនឹងហក់ឡើងដល់ ៤៣.៥ អង្សា ខណៈរដ្ឋាភិបាលឥណ្ឌា បានចេញការព្រមានអំពីកម្រិតសីតុណ្ហភាពខ្ពស់ នៅក្នុងរដ្ឋឧត្តរប្រាដែស (Uttar Pradesh) និងទីកន្លែងផ្សេងៗទៀត។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីសុខាភិបាលរបស់ឥណ្ឌា បានបញ្ជាក់ថា មនុស្ស ១១៩នាក់បានស្លាប់នៅក្នុងរដ្ឋឧត្តរប្រាដែស (Uttar Pradesh) និងមនុស្ស៤៧នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋប៊ីហារ (Bihar) ជារដ្ឋស្ថិតនៅជិតខាងគ្នានោះ ។ ខណៈនេះ មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេសឥណ្ឌា ពោរពេញទៅដោយចំនួនអ្នកជំងឺយ៉ាងកកកុញ ស្របពេលបុគ្គលិកពេទ្យត្រូវធ្វើការជាច្រើនម៉ោង រហូតមិនមានពេលសម្រាកទាល់តែសោះ ៕