(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងអំពីទំនាក់ទំនងការទូតកន្លងមក រវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ មានការរីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យយោធា។
សម្តេចពិជ័យសេនា បានបន្តថា សាធារណរដ្ឋកូរ៉េជាដៃគូដ៏សំខាន់មួយរបស់អាស៊ាន ជាពិសេសនៅក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះក្នុង ២០២២ ទទួលបានលទ្ធផលល្អ។ នៅក្នុងវិស័យយោធាសាធារណរដ្ឋកូរ៉េ គឺជាផ្នែកមួយដែលបានបញ្ជូនសិក្ខាកាម និងទទួលសិក្ខាកាម កងយោធពលខេមរភូមិន្ទ ទៅសិក្សានៅកូរ៉េ និងការផ្តល់ជំនួយសម្ភារជាច្រើនមកដល់កម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវក្តីរីករាយផងដែរ ដែលកន្លងមកនេះក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កូរ៉េក៏បានចូលរួមជួយដល់ប្រព័ន្ធផ្សព្វផ្សាយបានយ៉ាងល្អផងដែរ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ដោយបានចាត់ទុកថា វត្តមានបំពេញបេសកកម្មការងារកាទូតរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េនៅលើទឹកដីកម្ពុជានាពេលនេះ ស្របចំពេលដែលកម្ពុជារៀបចំអបអរសាទរខួបលើកទី៤៦ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ (២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២៣) និងបានសូមអញ្ជើញឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាចូលរួមផងដែរ។ ឯកឧត្តម ផាក ជុងវុក បានថ្លែងនូវអំណរគុណចំពោះសម្តេចពិជ័យសេនា និងសម្តែងនូវក្តីរីករាយផងដែរ ដែលរូបលោកមានកិត្តិយសបានបំពេញការងារទូតនៅកម្ពុជា ដែលជាដែនដីអច្ឆរិយៈវប្បធម៌។ ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ (CAMSOC) ដែលទទួលបានដោយជោគជ័យ នៅក្នុងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣កន្លងមកនេះ ព្រមទាំងបានអបអរសាទរផងដែរ ចំពោះប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅកម្ពុជាឆ្នាំ២០២២។
ជាមួយគ្នានេះ ឯកឧត្តម ផាក ជុងវុក ក៏បានលើកមកពិភាក្សា ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ អំពីការពង្រឹងលើកិច្ចសហប្រតិបត្តិការនៅលើវិស័យនយោបាយ យោធា និងវិស្វកម្មនៅក្នុងវិស័យកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់កម្ពុជា។ ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងបំពេញបេសកកម្មឱ្យបានជោគជ័យនៅកម្ពុជា ពិសេសក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានគោរពអញ្ជើញសម្តេចពិជ័យសេនាផងដែរ ក្នុងការអញ្ជើញទៅចូលរូមក្នុងកិច្ចសន្ទនា និងការរៀបចំពិព័រណ៍ផ្នែកអាវកាស និងយោធានៅប្រទេសកូរ៉េ នាខែកក្កដាខាងមុខនេះ៕