(កីឡា)៖ អ្នកប្រដាល់គុនខ្មែរ វី សម្ភាស្ស ដែលគេស្គាល់ជា អេលីត សម្ភស្ស នឹងប្រកួតជាមួយកីឡាករអាល់ហ្សេរី Ghilas Barach ក្នុងកម្មវិធី«គុនខ្មែរអលស្តារ ឬ Kun Khmer All Star) នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះនៅទីក្រុងបារីស ប្រទេសបារាំង។កីឡាករ Ghilas Barach ត្រូវបានផ្គូផ្គងជាមួយ វី សម្ភស្ស ក្នុងនាមជាកីឡាករបារាំង ប៉ុន្តែរូបគេធ្លាប់មានប្រវត្តិជាកីឡាករសញ្ជាតិអាល់ហ្សេរី។
រូបគេជាកីឡាករដែលមានបទពិសោធច្រើននៅលើសង្វៀនក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៤ Ghilas Barach ធ្លាប់បានប្រកួតជាមួយកីឡាករប្រដាល់ថៃល្បីឈ្មោះ Saenchai ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ នៅពេលនោះរូបគេត្រូវបានវីរបុរសប្រដាល់ថៃដែលកំពុងខ្លាំងលោតទាត់ផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី១។ ចាប់តាំងពីពេលនោះមក រូបគេបានបន្តហ្វឹកហាត់ប្រដាល់នៅប្រទេសថៃ និងប្រឡូកនៅសង្វៀនមួយថៃជាបន្តបបន្ទាប់។ អ្វីដែលគួរឲ្យកត់សំគាល់ រូបគេធ្លាប់ឈ្នះជើងឯកមួយថៃថ្នាក់ជាតិរបស់ប្រទេសអាល់ហ្សេរីថែមទៀតផង។ទោះបីជាយ៉ាងណា មួយរយៈពេលចុងក្រោយនេះ ដំណឹងនៃការឡើងសង្វៀនរបស់កីឡាករបារាំងរូបនេះមិនសូវមានទេ ដូច្នេះស្ថិតិនៃការប្រកួតជាក់ស្តែងមិនត្រូវបានគេដឹងច្បាស់ឡើយ។
ដោយឡែកអ្នកលេងគុនខ្មែរ វី សម្ភស្ស បានចេញប្រកួតញឹកញាប់គួរសមមួយរយៈពេលចុងក្រោយ។ ជាពិសេសរូបគេបានទៅប្រកួតនៅកម្មវិធីប្រដាល់ល្បី Thai Fight ដោយបានចាញ់ពិន្ទុជើងខ្លាំងថៃ Petchthongchai កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានប្រកួតនៅក្នុងស្រុកជាបន្តបន្ទាប់ទៀត។ វី សម្ភស្ស ស្ថិតក្នុងចំណោមកីឡាករគុនខ្មែរ៤នាក់ដែលមានឈ្មោះប្រកួតក្នុងកម្មវិធីប្រដាល់ Kun Khmer All Star ដែលតាមការគ្រោងទុកនឹងចាប់ប្រកួតវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz ymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំង៕