(ប៉ៃលិន)៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញបើកសន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈ ឱសថការីខេត្តប៉ៃលិន អាណត្តិទី២ និងលើកទិសដៅបន្ត ជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីខេត្តប៉ៃលិន អាណត្តិទី៣ ដោយមានការចូលរួមពីគណៈប្រតិភូអមគណៈអធិបតី,លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន លោកស្រី ឈិន ស៊ីណាន ប្រធានគណៈឱសថការីខេត្តប៉ៃលិន អាណត្តិទី២ និងលោក-លោកស្រី ជាប្រធានគណៈវិជ្ជាជីវៈ ព្រមទាំងសមាជិក ឱសថការីខេត្តប៉ៃលិន ជាច្រើនរូប ។
លោកស្រីឱសថការី ឈិន ស៊ីណាន ប្រធានគណៈឱសថការីខេត្តប៉ៃលិន អាណត្តិទី២ បានថ្លែងលើកឡើងថា៖ គណៈឱសថការី ខេត្តប៉ៃលិន មានសមាជិកចំនួនសរុប២០នាក់ ក្នុងនោះ សុទ្ធសឹងតែជាឱសថការីឧត្តមទាំងអស់។
ថ្លែងទៅកាន់សមាជិក សមាជិកាអង្គសន្និបាត ក្នុងឱកាសនោះ ឯកឧត្តម បាន បុត្តា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានកោតសរសើរ ចំពោះគណៈឱសថការីខេត្តប៉ៃលិន អាណត្តិទី២ ដែលបានខិតខំអភិវឌ្ឍន៍ វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងបន្តថា៖ ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ចការឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត្រ ក្នុង គោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាលនិងកំណត់នីយ៉ាមីអប្បបរមា ដើម្បីស្នើសុំនឹងបន្ត អាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព នឹងតម្លាភាព។ឯកឧត្តម បាន បុត្តា បានថ្លែងសង្កត់ធ្ងន់ថា៖ អង្គសន្និបាតពេលនេះ ពិតជាមានសារសំខាន់ណាស់ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីធម៍ បទដ្ឋានច្បាប់ផងដែរ។
សូមបញ្ជាក់ថា អង្គសន្និបាតនេះ មានបេក្ខនារីឈរឈ្មោះ ក្រុមប្រឹក្សាគណៈឱសថខេត្តប៉ៃលិន អាណត្តិទី៣ ចំនួន០៣រូប ដែលសមាជិក សរុប២០នាក់ ហើយបេក្ខនារី ឈិន ស៊ីណាន ទទួលបានការគាំទ្រចំនួន ច្រើនជាងគេ និងជាប់ជាប្រធានប្រឹក្សាគណៈឱសថការីខេត្តប៉ៃលិន អាណត្តិទី៣បន្តទៀតផងដែរ៕