រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តបុព្វារាម ហៅវត្តសាលាក្រៅចាស់ បានរៀបចំពិធីបំបួសកុលបុត្រកុលធីតាចំនួន ៣០០រូប ក្រោមអធិបតីភាពលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការនិមន្តចូលរួមពីព្រះគ្រូរតនមុនី អ៊ា សុផន ឧត្តមទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តប៉ៃលិន និងព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មមរណីរតន៍ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន។ ដែលពិធីនេះរៀបចំឡើង នៅវត្តបុព្វារាម (ហៅវត្តសាលាក្រៅចាស់) ដែលស្ថិតនៅភូមិខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។
ក្នុងឱកាសនោះដែរ ព្រះពាកុល ប៉ន ភក្ត្រា ជោតបណ្ឌិតោ ព្រះគ្រូចៅអធិការវត្តបុព្វារាម (ហៅវត្តសាលាក្រៅចាស់) បានមានសង្ឃដីកាឱ្យដឹងថា៖ នៅឆ្នាំនេះក្រោមកិច្ចសហការជាមួយសាលាគណខេត្តប៉ៃលិន សាលាអនុគណ ស្រុកសាលាក្រៅ សមាគមសមណនិស្សិតខ្មែរខេត្តសុរិន្ទ សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ (USA) វត្តសុវណ្ណគិរីភ្នំ ជញ្ជាំង(បន្ទាយមានជ័យ) ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យបំបួសអប់រំសីលធម៌កុលបុត្រចំនួន៣០០អង្គ/នាក់ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៣ ហើយការបំបួសនេះគឺមានគោលបំណងទី១៖ គឺដើម្បីថ្វាយព្រះរាជកុសលដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនាថ្ងៃទី ១៨ មិថុនា ២០២៣ នេះ។ ទី២៖ ចង់ឱ្យកុលបុត្រខ្មែរគ្រប់ស្រទាប់វណ្ណៈបានស្គាល់តម្លៃនៃការសាងផ្នួស និងបដិបត្តិខ្លួនតាមផ្លូវព្រះពុទ្ធសាសនា។ ទី៣៖ ផ្ដល់ឱកាស ដល់កុលបុត្រខ្មែរ ដែលមានជីវភាពខ្វះខាតនិងក្មេងកំព្រានិងមានឧបនិស្ស័យបានចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា។ និង ទី៤៖ ផ្តល់ឱកាសដល់ញាតិញោម គ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសបាន ចូលរួមឧបត្ថម្ភគាំទ្រជាបុណ្យកុសល ប្រយោជន៍ដល់អ្នក ជំនាន់ក្រោយនិងបន្តវេនដើម្បីសង្គមជាតិសាសនានៃយើងផងដែរ។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ប្រសាសន៍លើកឡើងថា៖ ពិធីបំបួសកុលបុត្រ កុលធីតានាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការអប់រំផ្លូវចិត្តធ្វើឲ្យមនុស្សមានការយល់ដឹងកាន់តែប្រសើរ យល់ដឹងពីបាបបុណ្យអំពើជាកុសលនិងមានធម៌ខន្តី យោគយល់អនុគ្រោះដល់មនុស្សផងគ្នាដោយប្រកាន់ខ្ជាប់តាម ពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ជាពិសេសដើម្បីបំពេញបំណងដល់កូនចៅដែលចង់តបស្នងសងគុណ មាតាបិតារបស់ខ្លួន។ លោកអភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ជាការពិតណាស់ បើគ្មានសន្តិភាពគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ យើងពិតជាមិនមានអ្វីៗដូចពេលនេះដែរ គឺទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ហើយបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាយើង ពុំមានជម្លោះខាងសាសនាដូចប្រទេសមួយចំនួនលើសកលលោកនោះទេ គឺប្រជាពលរដ្ឋមានសិទ្ធិជឿទៅលើសាសនាណាក៍បាន ឲ្យតែខ្លួនពេញចិត្ត និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ជាមួយគ្នានោះលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ជាខ្លាំងក្នុងវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៏ ការស្ថាបនាខេត្តប៉ៃលិនអោយមានការរីកចម្រើនជាលំដាប់នឹងមានភាពទាក់ទាញទេសចរណ៍និងវិនិយោគ ដែលនេះជាចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការដឹកនាំខេត្តប៉ៃលិនកាន់តែសម្បូរបែបផងដែរ។ ហើយនៅក្នុងពិធីបើកការបំបួសនេះផងដែរ លោក ម៉ើង លីដា អភិបាលរងខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់សាមណេរ សីលវន្ត និងសីលវតី ត្រូវខិតខំរៀនសូត្រនូវបាលី ធម៌អាថ៌ និងត្រូវគោរពវិន័យឲ្យបានល្អទាំងការស្នាក់នៅ ការឆាន់ និងគង់ក្នុងវត្ត ក៏ដូចក្នុងពិធីនិមន្តចេញប្រតិបត្តិធម៌ ធ្វើយ៉ាងណាត្រូវគោរពធម៌វិន័យឲ្យបានខ្ជាប់ខ្ជួនឲ្យបានថ្លៃថ្នូរទៅតាមប្រពៃណីទំនៀមទម្លាប់សាសនារបស់រដ្ឋយើង៕