ប៉ៃលិន៖ ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករ ដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដោយសារប្រទេសជាតិ ក៍ដូចជាខេត្តប៉ៃលិនយើង មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៍មានផែនការគ្រោងរៀបចំកែរលំអទីតាំងថ្មីបន្ថែម និងតូបលក់ដូរ អោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់នូវសេវ៉ាដល់អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវទេសចរជាតិ+អន្តរជាតិផងដែរ ។
នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ បងប្អូនអាជីវករក្នុងផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ជាសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីស្តាប់ការសំណូមពរ និងការត្អូញត្អែររបស់បងប្អូនអាជីវករ លក់ដូរក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានសម្របសម្រួលលើកលែងការបង់ផាស៊ីផ្សារចំនួន ៣ខែ គឺ ខែកក្កដា សីហា និងកញ្ញា ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនអាជីវករ ។
អត្ថបទ៖ លោក ញ៉ឹប បូរី