ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្លងរបាយការណ៍ និងលើកទិសដៅអនុវត្តសកម្មភាពបន្ត របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ទូទាំងខេត្ត ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបោះឆ្នោតជ្រើសរើសឡើង ពីប្រជាពលរដ្ឋ គឺមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូលដ្ឋានក៍ពិតមែន តែក្រុមប្រឹក្សាជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាន នូវគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំ ដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។
អត្ថបទ៖ លោក ញ៉ឹប បូរី