ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ឯកឧត្តម គោស៊ុំ ប៊ុនសឿត អនុប្រធានក្រុមការងារ រួមនឹងសមាជិកបក្សមួយចំនួនទៀត បានចុះសហការជាមួយមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្ត និង អាជ្ញាធរសង្កាត់ទួលល្វា ចុះជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែងប្រមាណ១០០ម ដែងរងការខូចខាតទាំងស្រុង, លប់ជង្ហុកសំបុកមាន់ , គៀរសំអាតផ្លូវ និងត្រាសេបើកផ្លូវថ្មីមួយខ្សែ សរុបទាំងអស់ចំនួន៦ខ្សែ ក្នុងភូមិចំនួន៣ គឺភូមិ អូរពឺត ភូមិអូរច្រាកើត និងភូមិអូរតាពុកក្រោម និងបានដាក់អំពូលភ្លើងសូឡា នៅតាមដងផ្លូវនានា ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារបក្សចុះជួយសង្កាត់ ទួលល្វា បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា បានស្វះស្វែងរកនូវមូលនិធិ និងកិច្ចសហការនានា ក្នុងការជួយជួសជុល កែលម្អផ្លូវសាធារណៈ ដែលជាការជួយបំពេញបន្ថែមលើកគម្រោងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលឃុំ/សង្កាត់ ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ ,សេចក្តីត្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងនាមក្រុមការងារចុះជួយសង្កាត់ទួលល្វា នាពេលកន្លងមក បានប្រឹងប្រែងអស់កម្លាំងកាយចិត្តជួយដល់បងប្អូនប្រជាពលរដ្ឋ ទាំងការងារអភិវឌ្ឍន៍ ការជួយ ឧបត្ថម្ភស្បៀង និងការជួយសង្គ្រោះ ពេលប្រជាពលរដ្ឋយើងមានជួបគ្រោះអាសន្នផ្សេងៗ ដែលទាំងនេះជាទឹកចិត្ត, ជាឆន្ទៈរួមរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមហុក សុផល ក៏បានក្រើនរំលឹកដាស់តឿនបន្ថែម ដល់ក្រុមការងារទទួលខុសត្រូវតាមភូមិ ក្នុងសង្កាត់ទួលល្វា សូមចុះមូលដ្ឋានជាប់ជាប្រចាំ ដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីក្តាប់បញ្ហានៅនឹងមូលដ្ឋាន និង រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងករណីដោះស្រាយមិនបាន ក៏ត្រូវធ្វើរបាយការណ៍ច្បាស់លាស់មកកាន់ថ្នាក់លើ ដើម្បីដោះស្រាយបន្ត៕