(កីឡា)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សង្ឃឹមថា នឹងចាយពេលតិចជាងមុន ដើម្បីរៀបចំក្រុមឲ្យកាន់តែល្អប្រសើរ ។ ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាសដែស នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានចាត់ទុកនេះ គឺជាការបើកទំព័រថ្មីសម្រាប់ខ្លួន ដែលទើបត្រឡប់មកដឹកនាំក្រុមគោព្រៃកម្ពុជាវិញ ។ លោកថា កាលពីជាង ៥ឆ្នាំមុន លោកត្រូវប្រើពេល ៤ ទៅ ៥ខែ ដើម្បីរៀបចំក្រុម តែមកលើកនេះ អាចនឹងចាយពេលតិចជាងមុន ដ្បិតលោកយល់ថា ការប្រមូលផ្ដុំលើកនេះ កូនក្រុមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ យ៉ាងណាក្ដី លោកជឿថា ការប្រកួតថ្ងៃនេះ នឹងមានភាពតានតឹង ព្រោះជាការប្រកួតដំបូង ក្រោមការដឹកនាំរបស់ខ្លួន ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមភ្ញៀវបង់ក្លាសដែសជាថ្មី នាវេលាម៉ោង ៧យប់នេះ បន្ទាប់ពីជំនួបមិត្តភាពអន្ដរជាតិ ២លើកចុងក្រោយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រុមម្ចាស់ផ្ទះកម្ពុជា បានរងបរាជ័យ ១-០ ទាំង ២ប្រកួត ៕