(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងធ្វើវិសោធនកម្ម«ច្បាប់បោះឆ្នោត» ថ្មី តម្រូវឲ្យមានការរឹតបន្តឹងបន្ថែមទៀតដោយត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ព្រមទាំងធ្វើការផាកពិន័យពី ៥ លានរៀល ទៅ ២០ លានរៀលចំពោះជនណាដែលញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ យោងតាមសេចក្ដីព្រាងច្បាប់ដែលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអានមុនពេលបញ្ជូនទៅសភា មានខ្លឹមសារថា «មាត្រា ១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥ លានរៀល ទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
បង្កការអុកឡុក ឬសកម្មភាពរារាំងជាប្រក្រតី នៅទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើររំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តនៃការបោះឆ្នោត។ បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន ធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត។
ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែកក្នុងកថាខណ្ឌ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ»។ សម្ដេចតេជោ បានបន្ដថា «មាត្រា ១៤៣ ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ៣០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា ១៤២ ថ្មីខាងលើ»។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានប្រកាសគាំទ្រតាមមាត្រាពង្រៀងនេះ ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងដឹកនាំការប្រជុំនៅថ្ងៃនេះ។ សូមជម្រាបជូនថាការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣៕