ប៉ៃលិន៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ និងក្រុមការងារចុះជួយបក្សភូមិចំនួន ១៨ភូមិ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគិតគូអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ ។
លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តនាំមកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ មានការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច មានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ សង្គាមនៅអ៊ុយក្រែនក៏ដោយ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយឡែកគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធាន នាពេលកន្លងបានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្រុមការងារគណបក្សគ្រប់ថ្នាក់ បានអនុវត្តនូវភារកិច្ចសំខាន់ៗជាច្រើន តាមសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។
អត្ថបទ៖ លោក ញ៉ឹប បូរី