(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ បានវាយតម្លៃខ្ពស់ និងគោរពដឹងគុណចំពោះការលះបង់របស់យោធិននៃកងយោធពលខេមរភូមិន្ទ និងគ្រួសារយោធិនគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ពោធសមិទ្ធផលនានានៅទីបញ្ជាការដ្ឋាកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ នាឱកាសនោះ នៅចំពោះមុខកងទ័ពជាង៥ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងបានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលីកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការដឹងគុណចំពោះជនរួមជាតិនៅគ្រប់ជំនាន់ដែលបានលះបង់កូនចៅ ប្ដីប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ពដើម្បីការពារជាតិ និងមាតុភូមិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនិងប្រជាជនកម្ពុជាទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះគ្រប់វីរភាពរបស់យោធិន និងគ្រួសារយោធិនពលី ពិការ និងមរណៈ»៕