(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ថានីប៊ីន អាប៊េដ អាលហ្សេយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត់ អារ៉ាប់រួម នៅវិមានសន្តិភាព ។
បន្ទាប់ពីជំនួបសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់ អារ៉ាប់រួម ។ ក្នុងជំនួប រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត់ អារ៉ាប់រួម បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីលទ្ធផលជំនួបប្រកបដោយផ្លែផ្កាដែលលោកបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ លោក ថានីប៊ីន អាប៊េដ អាលហ្សេយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត់ អារ៉ាប់រួម បានសម្តែងការរីករាយចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលកិច្ចព្រមព្រៀងនេះ នឹងនាំសេដ្ឋកិច្ច និងប្រជាជនប្រទេសទាំងពីរ ឲ្យកាន់តែជិតគ្នាថែមទៀត។
លោក ថានីប៊ីន អាប៊េដ អាលហ្សេយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាត់ អារ៉ាប់រួម បានជម្រាបសម្តេចតេជោថា កិច្ចព្រមព្រៀងនេះរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើសក្ដានុពលកំពុងតែមាន។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កិច្ចព្រមព្រៀងនេះនាំមកនូវផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមានការពិចារណាលើការវិនិយោគលើវិស័យកសិកម្មជាមួយវិស័យស្រូវអង្ករ ក្នុងនោះ ទី១ កម្ពុជាមានស្រូវប្រមាណប្រាំមួយលានតោនដែលអាចនាំចេញបាន និងឲ្យពិចារណាបង្កើតម៉ាស៊ីនកិនស្រូវ ឃ្លាំង និងបណ្ដាញទិញសម្រាប់ទិញកែច្នៃស្រូវការនាំចេញ។
ទី២ លើវិស័យស្វាយចន្ទី កម្ពុជាមានស្វាយចន្ទីជាងមួយលានតោនហើយស្វាយចន្ទីនេះ ពុំទាន់មានការកែច្នៃសម្រាប់ការនាំចេញនៅឡើយ។ ដូច្នេះ សម្តេច ក៏បានស្នើឲ្យពិចារណាជំរុញការវិនិយោគ មកវិនិយោគនៅលើការកែច្នៃសម្រាប់នាំចេញទៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម និងនាំចេញទៅប្រទេសក្រៅផង ។ ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានស្នើឲ្យពិចារណាផងដែរសម្រាប់ការវិនិយោគការកែច្នៃដំឡូងដែលកម្ពុជាមានច្រើនសម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអេមីរ៉ាត់ អារ៉ាប់រួមពិចារណាឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់ការវិនិយោគផង និងជំរុញស្នើឲ្យហោះហើរត្រង់ពីអេមីរ៉ាត់ អារ៉ាប់រួមមកកាន់កម្ពុជា៕