(អាល្លីម៉ង់)៖ ប្រទេសអាល្លឺម៉ង់ កំពុងរៀបចំធ្វើសមយុទ្ធយោធាដែនអាកាសទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការណាតូ ហើយនេះជាការបង្ហាញកម្លាំង បង្អួតដល់សម្ព័ន្ធមិត្ត និងកំញើញសត្រូវដែលមានសក្តានុពល ដូចជារុស្ស៊ីជាដើម។
សមយុទ្ធ Air Defender 23 ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ នឹងមានការចូលរួមពីសំណាក់កងទ័ពចំនួន ១០០០០នាក់ និងយន្តហោះចំនួន២៥០គ្រឿង មកពីប្រទេសចំនួន២៥ ឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសសមាជិកណាតូ។ គ្រាន់តែសហរដ្ឋអាមេរិកតែម្នាក់ឯង បានប្រកាសបញ្ជូនបុគ្គលិកឆ្មាំជាតិអាកាសរហូតដល់ទៅ ២០០០នាក់ និងយន្តហោះប្រហែល១០០គ្រឿងទៅហើយ ដើម្បីចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១២ដល់ថ្ងៃទី២៣ខែមិថុនា។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោកស្រី Amy Gutmann បាននិយាយថា “នេះគឺជាសមយុទ្ធដែលគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកដែលកំពុងមើល”។ លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបែរឡាំងថា “វានឹងបង្ហាញឲ្យឃើញពីភាពរហ័សរហួន និងកម្លាំងនៃសម្ព័ន្ធមិត្តរបស់យើងនៅអង្គការណាតូ ក្នុងនាមជាអ្នកឆ្លើយតបដំបូង”។
ថ្វីបើសមយុទ្ធនេះបានគ្រោងទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បានជំរុញឲ្យអង្គការណាតូ គិតគូរវែងឆ្ងាយនិងប្រយ័ត្នប្រយែង ចំពោះការរៀបចំសកម្មភាពយោធាណាមួយ។ គួរបញ្ជាក់ថា លើកនេះ ប្រទេសស៊ុយអែត ដែលសង្ឃឹមថាចូលរួមក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងជប៉ុន ក៏នឹងមានវត្តមានក្នុងសមយុទ្ធនេះដែរ៕