(កំពង់ឆ្នាំង)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់កម្មករ-កម្មការនីទាំងអស់ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណា ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជា។ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយក្មួយៗកម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា ក្មួយៗចង្អុលមុខថា ពួកឯងហ្នឹងហើយ បំផ្លាញ អាញ់ៗ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ»។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា អ្នកនយោបាយប្រទេសដទៃ ទោះបីជាអ្នកប្រឆាំង តែគេមិនដែលទាមទារឲ្យបរទេសឈប់ទិញទំនិញពីប្រទេសគេនោះទេ និងមិនដែលរារាំងប្រទេសដទៃឈប់ផ្ដល់ជំនួយដល់ប្រទេសខ្លួននោះទេ ។
ប៉ុន្តែអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជាជ្រុលនិយមបែរទៅប្រាប់ប្រទេសដទៃ កុំឲ្យមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជាទៅវិញ ហើយឲ្យដាក់ទណ្ឌកម្មថែមទៀតមកលើកម្ពុជា។ បើតាមសម្ដេចតេជោ ហ៊ុន សែន គឺអ្នកនយោបាយប្រឆាំងជ្រុលនិយមទាំងនោះ គឺជាសត្រូវរបស់កម្ពុជាតែម្ដង៕