(អាមេរិក)៖ផ្សែងពុលដ៏គ្រោះថ្នាក់ពីភ្លើងឆេះព្រៃដែលកំពុងបន្តនៅក្នុងប្រទេសកាណាដា បានគ្របដណ្តប់ផ្ទៃមេឃលើភាគឦសានសហរដ្ឋអាមេរិក ដែលជាហេតុជំរុញឲ្យមានការជូនដំណឹង ព្រមានអំពីគុណភាពខ្យល់ធ្ងន់ធ្ងរនៅក្នុងរដ្ឋយ៉ាងតិច១៦។មន្ត្រីកាណាដានិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែព្យាយាមពន្លត់ភ្លើងឆេះព្រៃ ហើយគិតត្រឹមពេលនេះ ភ្លើងបានឆេះព្រៃក្នុងប្រទេសកាណាដា អស់ជាង ៨.៧លានហិកតាហើយ ពោលគឺមានទំហំធំជាងរដ្ឋ Vermont របស់អាមេរិកទៅទៀត។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញនិយាយថា ស្ថានភាពខ្យល់មិនល្អ ត្រូវបានគេរំពឹងថាអូសបន្លាយពេលច្រើនថ្ងៃទៀត ខណៈភ្លើងឆេះព្រៃមួយចំនួននៅតែបន្តឆេះដោយមិនអាចគ្រប់គ្រងបាន។យោងតាមលោក Mark Wysocki អ្នកជំនាញផ្នែកគុណភាពខ្យល់ នៅសាកលវិទ្យាល័យ Cornell បាននិយាយថា ផ្សែងនេះ គឺបណ្តាលមកពីភ្លើងឆេះព្រៃជាច្រើន ដែលកំពុងឆេះនៅក្នុងទីក្រុង Quebec។ កាលពីថ្ងៃពុធទី៧ខែមិថុនា ទីក្រុងញូវយ៉ក បានបំបែកកំណត់ត្រារបស់ខ្លួន សម្រាប់សន្ទស្សន៍គុណភាពខ្យល់ខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ខណៈផ្ទៃមេឃប្រែទៅជាពណ៌ទឹកក្រូចគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។
ទន្ទឹមនោះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានពន្យារពេលជើងហោះហើររាប់រយជើង ពីអាកាសយានដ្ឋានទីក្រុង New York និង Philadelphia ដោយសារតែ ផ្ទៃមេឃពោរពេញដោយផ្សែង មើលផ្លូវមិនឃើញ។ ទីភ្នាក់ងារនេះ ក៏បានផ្អាកជើងហោះហើរមួយរយៈពេលខ្លី ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋាន LaGuardia ផងដែរ។ ជារួម ជើងហោះហើរជាង២០០០ ត្រូវបានពន្យារពេលនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ថ្វីបើវាមិនមែនសុទ្ធតែបណ្តាលមកពីភ្លើងឆេះព្រៃក៏ដោយ៕