(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលជូបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្រី រស់ រតនៈ ចុងភៅល្បីឈ្មោះលំដាប់ខ្ពស់នៅកម្ពុជា បាននាំយកនូវសៀវភៅម្ហូប «សោយ – មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» មកជូន ឯកឧត្តម រដ្ឋមន្រ្តី បានដឹង និងស្គាល់មុខម្ហូបប្លែកៗ និងមានរសជាតិពិសេស ។
តាមការបញ្ជាក់របស់ចុងភៅល្បីឈ្មោះ អ្នកស្រី រស់ រតនៈ ហៅ ចុងភៅ ណាក់ បានអោយដឹងថា ការចងក្រងសៀវភៅម្ហូប «សោយ – មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» គឺជាការងារកើត ចេញពីក្តីស្រឡាញ់ដែលបានចំណាយពេល ៤ ឆ្នាំក្នុងការបង្កើតសៀវភៅដ៏អស្ចារ្យនេះឡើងដែលបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ។« សោយ បង្ហាញនូវបទពិសោធន៍នៃមុខម្ហូប ជាច្រើនមុខនៅ ព្រះ បរមរាជវាំង ដែលបានស្រាវជ្រាវក្នុងសម័យ សម្ដេចព្រះរាជ កនិដ្ឋានរោត្ដម រស្មី សោភ័ណ្ឌ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង ១៩៦០» ។ចុងភៅ ណាក់ បានឱ្យដឹងថា អ្វីដែលខុសគ្នាពី ការចម្អិនក្នុង រាជវាំង និងតាមផ្ទះនានានោះ គឺ ភាព ប្រណីតនៃការធ្វើ ខណៈរូបមន្ដមិនមានលក្ខណៈ ខុសគ្នាអ្វីឡើយ ។ សៀវភៅនេះ ពុំគ្រាន់តែជាសៀវភៅធ្វើម្ហូបធម្មតានោះទ តែវាជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពី មរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ ដែលបានបន្សល់ទុកជាយូរឆ្នាំមកហើយ។ រូបមន្តទាំងនេះ ក៏ធ្លាប់បានបោះពុម្ពផ្សាយ និងបង្រៀននៅតាមសាលាក្នុងទីក្រុងភ្នំពេញរវាងទសវត្សរ៍ ១៩៥០ និង ១៩៦០ ដោយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ។
រូបមន្តចម្អិន ភោជនាហារដ៏វិសេសក្រៃលែងនេះ បានកប់ទុកអស់ជាច្រើនទសវត្សរ៍ដោយ សារ តែសង្រ្គាម និងការវិវឌ្ឍន៍របស់សម័យកាល។ ការអានយល់ដឹងពីសៀវភៅនេះ មិនត្រឹមតែអាចទទួលបាននូវរូបមន្តចម្អិនម្ហូបដ៏មានឱជារស ប៉ុណ្ណោះទេ ថែមទាំងទទួលបានអារម្មណ៍ល្អពិសេសជាមួយស្នាដៃរចនារូបភាពម្ហូប គំនូរបុរាណ យ៉ាងប្រណីតពីព្រះបរមរាជវាំង និងគំនូរនៃគ្រឿងផ្សំដែលជាស្នាដៃដ៏ប៉ិនប្រសប់ របស់វិចិត្រករវ័យក្មេង ទៀតផង។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការចងក្រង និងរៀបចំបោះពុម្ពជាសៀវភៅមុខមុខនេះឡើង ទុកសម្រាប់ជាគុណប្រយោជន៍ដល់ចុងភៅតាមបណ្តាភោជនីយ៍ដ្ឋាន និងមេផ្ទះ បានសិក្សាយល់ដឹង និងរៀនធ្វើម្ហូបតាម ។ឯកឧត្តម រដ្ឋមន្រ្តី បានគាំទ្រ និងជួយទិញសៀវភៅនេះផងដែរ ៕