(អាមេរិក)៖ នៅក្នុងវីដេអូឃោសនាបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីឈានមុខខាងគណបក្សសាធារណរដ្ឋ នឹងបញ្ជូនកងទ័ពអាមេរិក ទៅប្រយុទ្ធនឹងក្រុមជួញដូរគ្រឿងញៀននៅភាគខាងត្បូងនៃព្រំដែនម៉ិកស៊ិក។លោក ត្រាំ បានគូសបញ្ជាក់អំពីផែនការ ដាក់ពង្រាយកងកម្លាំងអាមេរិកដើម្បីកម្ទេចបណ្តាញឧក្រិដ្ឋជន ជាមួយនឹងការដាក់បម្រាមដឹកទំនិញតាមជើងទឹកលើក្រុមជួញដូរ ហើយធានាកិច្ចសហប្រតិបត្តិការពេញលេញជាមួយរដ្ឋាភិបាលជិតខាង ដើម្បីបំបែកសម្បុកក្រុមគ្រឿងញៀនក្នុងតំបន់ និងបណ្តាញជួញដូរមនុស្ស។
អតីតប្រធានាធិបតីរូបនេះ ក៏បានសន្យាដែរថា នឹងជំរុញសភាឲ្យអនុម័តការកាត់ទោសប្រហារជីវិតសម្រាប់អ្នករត់ពន្ធគ្រឿងញៀន និងអ្នកជួញដូរមនុស្ស ហើយឲ្យអាជ្ញាធរសហព័ន្ធ កំណត់គោលដៅក្រុមក្មេងទំនើង និងក្រុមឧក្រិដ្ឋកម្មដែលទទួលខុសត្រូវចំពោះការជួញដូរគ្រឿងញៀននៅតាមដងផ្លូវ។ លោកបន្តថា Fentanyl នឹងត្រូវបានចុះបញ្ជីជាអចិន្ត្រៃយ៍ ជាសារធាតុដែលគ្រប់គ្រងដោយសហព័ន្ធក្រោមការដឹកនាំលើកទី២របស់លោកប្រធានាធិបតី ត្រាំ។ លើសពីនេះ លោកព្រមានថា ប្រទេសចិន នឹងទទួលខុសត្រូវផ្តាច់មុខ ប្រសិនបើខ្លួនមិនបញ្ឈប់ការលក់សារធាតុគីមីដែលប្រើសម្រាប់ផលិតថ្នាំទេនោះ។លោក ត្រាំ បានប្រកាសនៅក្នុងវីដេអូនោះថា “នៅពេលខ្ញុំវិលត្រលប់មកសេតវិមានវិញ ខ្ញុំនឹងចាត់វិធានការ ដើម្បីបញ្ចប់គ្រោះកាចដ៏គួរឲ្យរន្ធត់នេះ និងជួយសង្គ្រោះជីវិតជនជាតិអាមេរិក”។ គួរបញ្ជាក់ជាថ្មី យោងតាមការស្ទង់មតិរបស់ Morning Consult ដែលចេញផ្សាយកាលពីខែមុន បានបង្ហាញថា លោក ត្រាំ គឺនាំមុខដាច់ លើគូប្រជែងទាំងអស់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ រួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis ផងដែរ។ ការស្ទង់មតិមួយទៀតដោយ Big Data បង្ហាញថា ប្រសិនបើការបោះឆ្នោតសកល ត្រូវបានធ្វើឡើងក្នុងខែឧសភា លោក បៃដិន នឹងចាញ់លោក ត្រាំ ដោយអ្នកសាធារណរដ្ឋ ទទួលបានសំឡេង ៤៥% ខណៈអ្នកប្រជាធិបតេយ្យទទួលបាន ត្រឹម ៣៨,១%ប៉ុណ្ណោះ៕