(ភ្នំពេញ)៖ ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម មានភាពរឹងមាំ និងច្បាស់លាស់ វានឹងផ្តល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ ជាពិសេសការបង្កើតការងារ លើកកម្ពស់ការអភិវឌ្ឍ វិស័យទេសចរណ៍ និងបញ្ហាសន្តិសុខសង្គមជាដើម។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនអាជា្ញធរសាធារណៈមានសមត្ថកិច្ច នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣នេះថា ជាមួយនឹងការរីកចម្រើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានពិនិត្យឃើញនូវភាពចាំបាច់ ក្នុងការរៀបចំនូវបញ្ញត្តិកម្ម លើវិស័យល្បែងពាណិជ្ជកម្ម ក្នុងគោលបំណងធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, កៀរគរចំណូល, រក្សាសុវត្ថិភាព និងសន្តិសុខសង្គម តាមរយៈការកំណត់នូវដែនសមត្ថកិច្ច, វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា នៅក្នុងដំណើរការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, រាជរដ្ឋាភិបាលក៏បានគិតគូរផងដែរ អំពីយន្តការសម្រាប់ចូលរួមដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបានរៀបចំនូវយន្តការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ, ទាំងទ្វេភាគី និងពហុភាគី, ដើម្បីគ្រប់គ្រង និងដោះស្រាយកង្វល់នានា ពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗ ។
ចំណែក ឯកឧត្តម សៀង សេន អគ្គលេខាធិការរងនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងឲ្យដឹងថា ច្បាប់ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ មានវិសាលភាពគ្រប់ដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយគ្របដណ្តប់ល្បែងពាណិជ្ជកម្មដែលច្បាប់បានអនុញ្ញាត ជាក់ស្តែងមកដល់ពេលនេះ ក្រុមហ៊ុន/កាស៊ីណូ ដែលបានដាក់ស្នើរសុំ និងផ្តល់អាជ្ញាប័ណ្ណមានចំនួន ១៧៨ ក្រុមហ៊ុន មកដល់បច្ចុប្បន្នក្រុមហ៊ុន/កាស៊ីណូ មានចំនួន ៨៨ បានកំពុងដំណើរការ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ និងត្រវបានប្រកាសឱ្យប្រើជាផ្លូវការ តាមរយៈព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
ចំណែកពាក់ព័ន្ធច្បាប់នេះឡើងគឺដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន នៃការកើនឡើងនូវល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកទឹកចិត្តវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់, ដោយរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តីសម្រេច លេខ ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និងមានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ៕