នៅសាលប្រជុំរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានរៀនចំឡើងស្ថិតក្រោមអធិបតីភាព លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ។
លោក ចេង ញ៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា៖ ដំណើរកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជជែកពិភាក្សា ប្រមូលធាតុផ្សំ និងណែនាំរំលឹកឡើងវិញអំពីបញ្ហាដែលកើតមានឡើងក្នុងដំណាក់កាលនីមួយៗ នៃការបោះឆ្នោត ធ្វើឱ្យកិច្ចដំណើការនៃការបោះឆ្នោតទទួលបានជោគជ័យ ក្នុងបរិបថប្រជាធិបតេយ្យ សេរីពហុបក្ស ។ លោកបន្តថា ដំណាក់កាលសំខាន់ទាំងបួននៃការបោះឆ្នោត បានបញ្ចប់ពីរដំណាក់កាលហើយ នោះគឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយដំណាក់កាលបន្ទាប់គឺការឃោសនាបោះឆ្នោត និងការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត និងត្រូវមកដល់នាពេលខាងមុខ ។ ទន្ទឹមនេះ គ.ជ.ប នៅមានកិច្ចការសំខាន់ៗជាច្រើនទៀតដែលត្រូវអនុវត្ត ក្នុងនោះការចុះភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើការបោះឆ្នោត ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ការចេញ ឯកសារបញ្ចាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកិច្ចការផ្សេងៗទៀត ។ លោក បានមានប្រសាសន៍បញ្ចាក់ថា៖ រាល់កិច្ចការទាំងអស់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសចំពោះមុខនេះការងារចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត តាមភូមិ ក្នុងឃុំ-សង្កាត់ ពិតជាមានសារសំខាន់ ត្រូវមានការការពារពីកងកម្លាំងមានសមត្ថកិច្ច។
នាឱកាសនោះលោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំដល់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលជាភ្នាក់ងារសន្តិសុខសម្រាប់ការបោះឆ្នោត ជាពិសេសត្រូវរក្សាក្រមសីលធម៌សម្រាប់សិន្តិសុខបោះឆ្នោត ដែលកម្លាំងទាំងអស់ត្រូវបានទទួលខុសត្រូវក្នុងការការពារនៅតាមគោលដៅសំខាន់ៗរួមមានការពារហែក្បួន ព្យុហយាត្រា ឬដោយថ្មើរជើង និងការជួបជុំ របស់គណបក្សនយោនយោបាយដែលមានការស្នើសុំ ការពារនៅ តាមទីតាំងបំពេញការងាររបស់មន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ឃុំ សង្កាត់ និង នៅទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ។ លោកក៏បានស្នើដល់កម្ឡាំង អធិការដ្ឋាននគរបាលក្រុង ស្រុក និង ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ត្រូវពិនិត្យទៅលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងត្រូវចេញជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស ពីព្រោះសង្កេតឃើញថា អ.ខ របស់ប្រជាពលរដ្ឋមួយចំនួនត្រូវផុតសុពលភាពនៅមុនថ្ងៃបោះឆ្នោត ។
សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្តនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧.០០នាទីព្រឹក រហូតដល់ម៉ោង៣.០០នាតីរសៀល ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន១២២ការិយាល័យ ។ ដោយផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ដែលបានធ្វើឡើងនៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានចំនួន ១៨គណបក្ស រីឯគណបក្សដែលឈរឈ្មោះក្នុងមណ្ឌលខេត្តប៉ៃលិនមានចំនួន១០គណបក្ស ដែលត្រូវចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕