(រុស្សី)៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកចក្រភពអង់គ្លេសថា កំពុងធ្វើសង្គ្រាមទាំងមិនប្រកាសប្រឆាំងនឹងប្រទេសរុស្ស៊ី។ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានចូលរួមរំលែកទុក្ខចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ លើក្រុងមូស្គូកាលពីដើមសប្តាហ៍នេះ។
នៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃពុធទី៣១ខែឧសភា លោក Medvedev បានចោទប្រកាន់ទីក្រុងឡុងដ៍ថា ជា “សត្រូវអស់កល្បរបស់ទីក្រុងមូស្គូ”។ អតីតមេដឹកនាំ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីរូបនេះ បានអះអាងថា ផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ និងហ្សឺណែវ ផងដែរនោះ, អង់គ្លេស ក៏អាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើសង្រ្គាមដែរ។ អតីតប្រធានាធិបតីរូបនេះ អះអាងថា តាមរយៈការផ្តល់អាវុធ និងការហ្វឹកហ្វឺនដល់អ៊ុយក្រែន, ចក្រភពអង់គ្លេស កំពុងដឹកនាំសង្រ្គាមដែលមិនបានប្រកាសប្រឆាំងនឹងរុស្ស៊ី។ លោកបន្ថែមថា នេះអាចមានផលប៉ះពាល់ដោយផ្ទាល់ដល់មន្ត្រីសាធារណៈ នៅក្នុងចក្រភពអង់គ្លេស។
Twitter របស់លោក បានដកស្រង់ការកត់សម្គាល់ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក James Cleverly ដែលនិយាយថា អ៊ុយក្រែនមានសិទ្ធិប្រើកម្លាំងហួសពីព្រំដែនរបស់ខ្លួន ដើម្បីបំផ្លាញសមត្ថភាពរបស់រុស្ស៊ី។ លោក Cleverly អះអាងទៀតថា ការវាយប្រហារគោលដៅយោធាស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី គឺជាផ្នែកដែលអាចទទួលយកបាន នៃការការពារស្វ័យភាពរបស់អ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះដ្រូន ចំនួនប្រាំបីគ្រឿង ត្រូវបានគេឃើញនៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ នៅក្នុងអ្វីដែលក្រុមមន្ត្រីពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” ដោយទីក្រុងកៀវ៕