(ភ្នំពេញ)៖ រំលងតែជាង១ខែទៀតទេ កម្ពុជា នឹងឈានចូលដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ នៅក្នុងការរំលឹកខួប៦៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី នៅក្នុងឆ្នាំនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរាជធានីភ្នំពេញ បានជូនពរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យទទួលបានជោគជ័យនៅក្នុងការរៀបចំការបោះឆ្នោតខាងមុខនេះ។
នៅចំពោះមុខក្រុមអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានពិសេសស្តីពី ខួបទំនាក់ទំនង៦៧ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃទី២៣ ខែកក្កដា ប្រជាជនកម្ពុជា នឹងមានឱកាសអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតសភា គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងជីវិតរបស់ប្រទេសនីមួយៗ។ យើងសូមជូនពរឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត»។បើទោះបីលើកឡើង និងជូនពរកម្ពុជាយ៉ាងនេះក្តី ប៉ុន្តែ មកដល់ពេលនេះ ស្ថានទូតរុស្ស៊ី មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ខ្លួននឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានេះ ឬយ៉ាងណានោះទេ ដោយសារតែមិនទាន់ទទួលបាននូវការអញ្ជើញជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
យ៉ាងណាក៏ដោយ នៅក្នុងជំនួបមួយរវាងស្ថានទូតរុស្ស៊ី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីខែមេសា កន្លងទៅ លោកប្រាជ្ញ ច័ន្ទ ដែលជាប្រធាន គ.ជ.ប បានគូសបញ្ជាក់រួចហើយថា គ.ជ. ប នឹងអញ្ជើញស្ថានទូតរុស្ស៊ីនៅកម្ពុជា ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ៕