(កូរ៉េខាងជើង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធ (ទី៣១ ខែឧសភា)នេះ បានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីដំណាក់កាលទីយពីររបស់យានចម្លង បានដំណើរការខុសប្រក្រតី ដោយបានបណ្តាលឲ្យការញ្ជូនយានធ្លាក់ចូលទៅក្នុងសមុទ្រ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា យានចម្លងបានបាញ់បង្ហោះផ្កាយរណបថ្មី «Chollima-1» ត្រូវបរាជ័យ ដោយសារតែមានការដំណើរការមិនល្អក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។ ការបាញ់បង្ហោះនេះ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទីប្រាំមួយរបស់រដ្ឋនុយក្លេអ៊ែរមួយនេះ និងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦។ គេរំពឹងថា នឹងមានការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើងទៅក្នុងគន្លងតារាវិថី។
យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថា ផ្កាយរណបអវកាសឆ្ពោះទៅភាគខាងត្បូង ដោយបានជំរុញឲ្យមានការប្រកាសអាសន្ន និងការព្រមានអំពីការជម្លៀសប្រជាពលរដ្ឋក្នុងរយៈពេលខ្លីនៅក្នុងតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ កូរ៉េខាងជើងបានប្រាប់ថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួន នៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីជំរុញការឃ្លាំមើលសកម្មភាពរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងទិន្នន័យដែលផ្តល់ដល់អាជ្ញាធរអន្តរជាតិ កូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់បង្ហោះនេះនឹងនាំយានចម្លងទៅភាគខាងត្បូង ដោយមានដំណាក់កាលផ្សេងៗ និងបំណែកផ្សេងទៀត ដែលរំពឹងថា នឹងធ្លាក់នៅលើសមុទ្រលឿង ហើយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕