(ណាតូ)៖ អង្គការណាតូ កំពុងដាក់ពង្រាយកងទ័ព៧០០នាក់បន្ថែមទៀត ទៅកាន់តំបន់ភាគខាងជើងកូសូវ៉ូ បន្ទាប់ពីកងរក្សាសន្តិភាពរបស់ខ្លួនចំនួន៣០នាក់ ត្រូវរបួសក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករជនជាតិស៊ែប៊ី ចំពេលមានជម្លោះដ៏រ៉ាំរ៉ៃ។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូស្លូ បន្ទាប់ពីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Store កាលពីថ្ងៃអង្គារទី៣០ខែឧសភាថា “យើងបានសម្រេចចិត្ត ដាក់ពង្រាយទាហានចំនួន៧០០នាក់បន្ថែមទៀត ពីកងកម្លាំងបម្រុងប្រតិបត្តិការសម្រាប់តំបន់បាល់កង់ខាងលិច”។
លោកនិយាយថា អង្គការណាតូ ក៏នឹងដាក់កងវរសេនាតូចបម្រុងបន្ថែម ឲ្យប្រុងជើងការខ្ពស់ផងដែរ ដូច្នេះពួកគេអាចត្រូវបានគេដាក់ពង្រាយភ្លាមៗប្រសិនបើចាំបាច់។ ជាធម្មតា កងវរសេនាតូចមួយ មានទាហានពី៣០០ទៅប្រហែល១០០០នាក់ ខណៈបេសកកម្មរក្សាសន្តិភាព ដែលដឹកនាំដោយណាតូនៅកូសូវ៉ូ ហៅកាត់ KFOR បច្ចុប្បន្នមានទាហានជិត ៣៨០០នាក់។
គួរបញ្ជាក់ថា ជម្លោះនៅកូសូវ៉ូ បានផ្ទុះឡើងក្នុងឆ្នាំ១៩៩៨ នៅពេលជនជាតិភាគតិចបំបែកខ្លួនអាល់បានី បានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស៊ែប៊ី ហើយក្រោយមកទៀត បានឆ្លើយតបដោយការបង្ក្រាបយ៉ាងឃោរឃៅ។ មនុស្សប្រហែល១៣០០០នាក់ ដែលភាគច្រើនជាជនជាតិអាល់បានី បានបាត់បង់ជីវិត។ នៅទីបំផុត អន្តរាគមន៍យោធារបស់ណាតូក្នុងឆ្នាំ១៩៩៩ បានបង្ខំស៊ែប៊ីឲ្យដកខ្លួនចេញពីទឹកដីនេះ ហើយត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបេសកកម្មរក្សាសន្តិភាពរបស់ KFOR។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ែប៊ី បានបដិសេធទទួលស្គាល់ការប្រកាសឯករាជ្យឆ្នាំ ២០០៨ របស់កូសូវ៉ូ៕