(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖ គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី ២) (ថវិកាចំនួន ៦៣៧,៨៣៨ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការ Save the Children Japan (SCJ) ។
នៅក្នុងគម្រោងនេះ អង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិ ដើម្បីកិច្ចការពារកុមារនៅតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។ តាមរយៈគម្រោងនេះ សិស្សប្រមាណ ១២,០០០នាក់ និងគ្រូបង្រៀនចំនួន ៤៤០នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕