(អាមេរិក)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានលាតត្រដាងថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជិត៦៥ពាន់លានដុល្លារ ដើម្បីគាំទ្រទីក្រុងកៀវ ក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងមូស្គូ។ប្រមុខមន្ទីរបញ្ចកោណ បានលាតត្រដាងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំលើកទី១២នៃក្រុមដែលត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់ សមាជិកអង្គការណាតូចំនួន៣១ ព្រមទាំងប្រទេសដែលមិនចូលបក្សសម្ព័ន្ធ មួយចំនួនតូចផងដែរ។ លោកនិយាយថា “ទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាចិត្តឈរជាមួយអ៊ុយក្រែន សម្រាប់រយៈពេលវេលាដ៏វែងឆ្ងាយ។
សរុបមក ក្រុមទំនាក់ទំនង បានផ្តល់ជំនួយសន្តិសុខជិត ៦៥ពាន់លានដុល្លារ។ ហើយកាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីបណ្តុះបណ្តាលភីឡុតអ៊ុយក្រែន ឲ្យធ្វើប្រតិបត្តិការយន្តហោះជំនាន់ទី៤ រួមទាំងយន្តហោះ F-16 ផងដែរ។ យើងសង្ឃឹមថា ការបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខ”។លោកបន្តថា ក្រៅពីការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបដល់ទីក្រុងកៀវ ពេលនេះ សហរដ្ឋអាមេរិកកំពុងផ្តោតលើការផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវបន្ថែមទៀតផង។ លោកអះអាងថា ខែលការពារដែនអាកាស គឺមានសារសំខាន់ណាស់ សម្រាប់ការពារផ្ទៃមេឃអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីការវាយលុករបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនបាននិងកំពុងកំណត់គោលដៅលើជំនួយសព្វាវុធទាំងឡាយណា ដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន៕