(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសពីអត្ថប្រយោជន៍បន្ថែមថា ពីមុននេះ គឺពេលដែលទៅពិនិត្យសុខភាពពេលមានផ្ទៃពោះ កម្មការិនីទទួលបាន ៤ម៉ឺនរៀល ឥឡូវនេះខ្ញ៉ំសូមប្រកាសថា គឺបានឡើងដល់ ៨ម៉ឺនរៀលពេលទៅពិនិត្យម្តងដែលត្រូវពិនិត្យ៤ដងមុនពេលឆ្លងទន្លេ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួនជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ពីមុនកម្មការិនីទៅពិនិត្យសុខភាពពេលមានផ្ទៃពោះ គឺអត់អស់លុយទេ ដោយមានប័ណ្ណ ប ស ស ក៏ប៉ុន្តែឥឡូវចាប់ពីពេលនេះទៅពេលដែលទៅពិនិត្យគេឲ្យលុយយើងវិញ »។
សម្តេចក៏បានថ្លែងថា ប្រហែលជាមានប្រទេសមិនច្រើនទេ ដែលគេធ្វើរឿងនេះ ដូច្នេះខ្ញុំសូមបញ្ជាក់ថា ឥឡូវយើងចាប់ផ្តើមអនុវត្ត ដែលទទួលបាន ៤ម៉ឺនរៀលនៅពេលនេះ ប៉ុន្តែចាប់ពីខែសីហាទៅគឺបានមកដល់ ៨ម៉ឺនរៀល»។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា «កាលមុនឆ្លងទន្លេបានយើងផ្ដល់ជូនកម្មការិនី២០ ម៉ឺនរៀលឥឡូវនឹងឡើងដល់៤០ ម៉ឺនរៀល»។ សម្តេចបន្តថា «នៅពេលដែលកូនកើតហើយរហូតដល់២ឆ្នាំ ពេលទៅពេទ្យពិនិត្យខ្លួនឯងផង និងពិនិត្យកូនផង កម្មការិនី គឺបានលុយ ដូច្នេះកម្មការិនីម្នាក់នឹងទទួលបាន១លាន៥សែន២ម៉ឺនរៀលចាប់ពីមានផ្ទៃពោះ រហូតដល់កូន២ឆ្នាំ។សម្តេចបានថ្លែងឲ្យដឹងថា «១ឆ្នាំរដ្ឋចំណាយប្រមាណ ១៣លានដុល្លាបន្ថែមទៀតពីលើការចំណាយថវិកាដ៏ច្រើនរបស់រាជរដ្ឋាភិបាលកន្លងទៅ»៕