(កីឡា)៖ ក្រុមបាល់ទាត់ Kaya FC–Iloilo ក្រោមការដឹកនាំរបស់លោក Yu Hoshide បានក្លាយជាម្ចាស់ជើងឯកលីគកំពូលហ្វីលីពីន Philippines Football League រដូវកាល ២០២២-២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា។ តារាងចំណាត់ថ្នាក់លីគកំពូលហ្វីលីពីន៖
១. Kaya–Iloilo ២៣ប្រកួត ៥៨ពិន្ទុ
២. Dynamic Herb Cebu ២៤ប្រកួត ៥៧ពិន្ទុ
៣. Stallion Laguna ២២ប្រកួត ៣៨ពិន្ទុ
៤. Azkals Development Team (ដកខ្លួន) ២៤ប្រកួត ២៧ពិន្ទុ
៥. United City (ដកខ្លួន) ២៤ប្រកួត ២៤ពិន្ទុ
៦. Mendiola 1991 ២៣ប្រកួត ១៨ពិន្ទុ
៧. Maharlika Manila ២២ប្រកួត ១៣ពិន្ទុ។
បច្ចុប្បន្នលីគបាល់ទាត់របស់ហ្វីលីពីន Philippines Football League រដូវកាល ២០២២-២៣ នៅសល់ក្រុមតែ៥ក្រុមប៉ុណ្ណោះ ក្រោយមានសមាជិក២ដកខ្លួនជាបន្តបន្ទាប់។ ដំបូងឡើយក្រុម United City បានប្រកាសដកខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លង ខណៈក្រុមមួយនាំធ្លាប់នាំកិត្យានុភាពជាច្រើនឱ្យហ្វីលីពីនតាំងពីក្នុងពានរង្វាន់ AFC Champion League, AFC Cup និងពានរង្វាន់ក្នុងតំបន់មួយចំនួនទៀត។ ដោយឡែកក្រុម Azkals Development Team ដែលជាក្រុមបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន ជាក្រុមបានប្រកាសដកខ្លួនពីលីគកំពូលរបស់ប្រទេសខ្លួននៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ។ ក្រុមនេះជាបណ្តុំយុវជនថ្នាលដែលសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បង្កើតឡើងដើម្បីពង្រឹងក្នុងក្រុមជម្រើសជាតិ នាពេលបច្ចុប្បន្ននិងអនាគត។ ដូច្នេះក្រុមដែលនៅសេសសល់ក្នុងលីគកំពូលហ្វីលីពីន ទាំង៥នោះមាន Kaya–Iloilo, Dynamic Herb Cebu, Stallion Laguna, Mendiola 1991, Maharlika Manila។ សម្រាប់កូតារបស់ក្រុមពីប្រទេសហ្វីលីពីន ដោយម្ចាស់ជើងឯកទទួលបានឱកាសឡើងទៅវគ្គជម្រុះជើងឯកប្រចាំទ្វីប AFC Champions League នៅរដូវកាល២០២៣-២៤ ហើយក្រុមលេខ២និងលេខ៣ ត្រូវទៅប្រកួតជម្រុះពានរង្វាន់លំដាប់ទី២ AFC Cup រដូវកាលឆ្នាំ២០២៣-២៤៕