ការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវបំផុតមួយក្នុងពិភពលោក បានឆក់យកជីវិតបុរសម្នាក់នៅប្រទេស ណាមីប៊ី។
គាត់បានកើតជំងឺគ្រុនឈាមគ្រីមៀកុងហ្គោ (CCHF) ឬគេឲ្យរហស្សនាមថា “ជំងឺគ្រុនហូរឈាមតាមភ្នែក” ដោយសារតែរោគសញ្ញាដ៏គួរឲ្យរន្ធត់របស់វា។
បច្ចុប្បន្ន មន្ត្រីក្នុងប្រទេសអាហ្រ្វិកខាងលើ កំពុងរិះរកវិធីទប់ស្កាត់មេរោគដែលចម្លងពីចៃឆ្កែមួយនេះ ខណៈមនុស្សរាប់សិប ដែលមានទំនាក់ទំនងជាបុរសឆ្លងរោគ ត្រូវបានតាមដានរួចទៅហើយ។
វាជាលើកទីប្រាំពីរក្នុងរយៈពេលប្រាំពីរឆ្នាំដែល CCHF ត្រូវបានឃើញនៅប្រទេស ណាមីប៊ី។
រោគសញ្ញាដំបូងនៃជំងឺនេះ មានដូចជាគ្រុនក្តៅ ឈឺសាច់ដុំ ឈឺពោះ ឈឺបំពង់ក និងក្អួត ហើយវាក៏អាចបណ្តាលឲ្យមានអារម្មណ៍ប្រែប្រួល និងវង្វេស្មារតី ក៏ដូចជាងងុយគេងជាដើម។ វាក៏អាចបណ្តាលឲ្យហូរឈាមផងដែរ ជាធម្មតាចេញពីច្រមុះ ឬពីសរសៃឈាមដែលខូចនៅលើភ្នែក និងស្បែក។
មិនត្រឹមឆ្លងតាមរយៈចៃឆ្កែខាំនោះទេ ជំងឺនេះក៏អាចឆ្លងរវាងមនុស្សនិងមនុស្ស តាមរយៈវត្ថុរាវក្នុងរាងកាយ រួមទាំងឈាម ឬក្នុងចំណោមអ្នកជំងឺនៅមន្ទីរពេទ្យផងដែរ ប្រសិនបើឧបករណ៍វេជ្ជសាស្ត្រមិនត្រូវបានសម្អាតត្រឹមត្រូវ។
យោងតាមអង្គការសុខភាពពិភពលោក (WHO), CCHF អាចសម្លាប់មនុស្សរហូតដល់ ៤០% នៃអ្នកគ្រប់គ្នាដែលវាឆ្លង។
ជំងឺដែលស្រដៀងទៅនឹង Ebola និង Marburg មួយនេះ ត្រូវបាន WHO ចាត់ថ្នាក់ថាជាភ្នាក់ងារបង្កជំងឺមួយ ក្នុងចំណោមមេរោគទាំងប្រាំបួន ដែលទំនងជាបង្កឲ្យមានជំងឺរាតត្បាត។ ហើយមេរោគនេះ ត្រូវបានគេចាត់ទុកថា មានហានិភ័យបំផុតដោយសារកង្វះការព្យាបាល ឬសមត្ថភាពរបស់ពួកគេក្នុងការបង្កឲ្យមានជំងឺរាតត្បាត។
គួរបញ្ជាក់ថា គេរកឃើញជំងឺនេះដំបូងនៅតំបន់គ្រីមៀក្នុងឆ្នាំ១៩៤៤ ហើយត្រូវបានគេដាក់ឈ្មោះថា ជំងឺគ្រុនឈាមគ្រីមៀ។
ប៉ុន្តែនៅឆ្នាំ១៩៦៩ គ្រូពេទ្យបានឲ្យដឹងថា ភ្នាក់ងារបង្ករោគនេះ ក៏ទទួលខុសត្រូវចំពោះជំងឺដែលត្រូវបានរកឃើញនៅប្រទេសកុងហ្គោ ក្នុងឆ្នាំ១៩៥៦ផងដែរ។ ហេតុនេះហើយ ទើបនាំឲ្យមេរោគនេះ ត្រូវបានគេហៅថា គ្រុនឈាមគ្រីមៀកុងហ្គោ ដោយសារទីតាំងទាំងពីរបូកបញ្ចូលគ្នា៕