(អ៊ុយក្រែន)៖លោក Yuriy Sak ទីប្រឹក្សាក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ហូឡង់អាចនឹងក្លាយជាប្រទេសដំបូងគេដែលផ្តល់យន្តហោះចម្បាំង F-16 ទៅកាន់រដ្ឋាភិបាលទីក្រុងកៀវ ។លោក Sak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនអាចទទួលបានយន្តហោះច្បាំង F-16 ដំបូង ពីម្ចាស់ជំនួយបរទេសនៅចុងខែកញ្ញា ឬដើមខែតុលា ហើយរំពឹងថានឹងទទួលបានយន្តហោះចម្បាំងនេះ រហូតដល់ ៥០ គ្រឿងពីសម្ព័ន្ធមិត្តរបស់ខ្លួន ។
ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra បាននិយាយកាលពីចន្ទថា បណ្តាប្រទេសនានាមិនគួរធ្វើការសម្រេចចិត្តជាលក្ខណៈបុគ្គលអំពីការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 នោះទេ ហើយបញ្ហានេះត្រូវតែត្រូវបានចរចានៅក្នុងក្រុមចម្រុះធំជាងនេះ ។សម្ព័ន្ធមិត្តណាតូនាពេលថ្មីៗនេះបានសន្យាផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ជាការបន្ថែមចុងក្រោយបំផុតក្នុងបញ្ជីអាវុធដ៍សាហាវដែលលោកខាងលិចបានផ្តល់ដល់អ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលទីក្រុងកៀវត្រៀមលក្ខណៈសម្រាប់ការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។
គួរបញ្ជាក់ថា ការអះអាងរបស់ទីប្រឹក្សាក្រសួងការពារជាតិអ៊ុយក្រែនរូបនេះអំពីការត្រៀមទទួលបានយន្តហោះ F-16 ក៏អាចជាសញ្ញាវិជ្ជមានមួយផងដែរ បន្ទាប់ពីអ្នកនាំពាក្យទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនលោក Yury Ignat ធ្លាប់បានលើកឡើងថា ជម្លោះកំពុងបន្តជាមួយរុស្ស៊ីនឹងមានផ្លាស់ប្ដូរ ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវទទួលបានយន្តហោះចម្បាំងមួយនេះ ៕