(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយ ផងដែរ។
ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈចំនួន ៨៨៨ នាក់ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាំសួយរបស់បងប្អូនជនជាតិភាគតិច បើយើងធ្វើមិនទាន់ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេ របាំសួយអាចដាច់ពូជតែម្ដង គឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះបន្ដទៀតទេ។ សម្ដេចតេជោអះអាងថា ការដែលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បានផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «អីចឹងទេការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីបានផ្ដល់ឱកាសគ្រប់ផ្នែករាប់ទាំងវិស័យសិល្បៈដែលក្នុងនោះមានរបាំសួយដែលនៅក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង អាចដាច់ពូជប្រសិនបើមិនមានការអនុវត្តនយោបាយ ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម ឯកភាពជាតិ និងឯកភាពទឹកដី»។ សម្ដេចតេជោបានគូសបញ្ជាក់ថា សន្តិភាពគឺពិបាករកបានណាស់កុំរង់ចាំដល់បាត់សន្តិភាពហើយទើបរក បាត់សន្តិភាពទើបយើងដឹងថាសន្តិភាពមានតម្លៃបែបណា ហើយឥឡូវនេះកុំចាំបាច់បាត់បង់សន្តិភាពហើយ ទើបស្រែករកសន្តិភាពនោះដូច្នេះការពារសន្តិភាពឱ្យបាន។
សម្តេចតេជោបានបន្ថែមថា៖ «យើងត្រូវស្គាល់ប្រវត្តិព្រោះវាមានទំនាក់ទំនងគ្នាអញ្ចឹងបានជាអ្វីៗក៏វារស់នៅក្នុងសន្តិភាពដែរ។ ស៊ីហ្គេម របស់យើងក្រោមពាក្យស្លោកកីឡារស់ក្រោមសន្តិភាព ប៉ុន្តែនិយាយឱ្យពិតអ្វីៗទាំងអស់រស់នៅក្រោមសន្តិភាពទាំងអស់ បើគ្មានសន្តិភាពទេគឺយើងរង់ចាំតែរត់គេចគ្រាប់ផ្លោង។ អីចឹងបានជាកុំថា ហ៊ុន សែន កាច ហ៊ុន សែន កាចគឺដើម្បីការពារសន្តិភាព។ អ្នកឯងតែបួនដប់នាក់មកចង់បំផ្លាញសន្តិភាពគឺយើងមិនអាចអនុញ្ញាតនោះទេ»៕