(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដាស់តឿន ឱ្យក្រុមហ៊ុនអ៊ីនធឺណិតមួយចំនួនដោះស្រាយបញ្ហាអ៊ីនធឺណិតដើរយឺត ខណៈបុគ្គលិកក្រុមហ៊ុនមួយចំនួន មិនចុះដោះស្រាយឱ្យអតិថិជន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ថា អ៊ិនធឺណិតនៅក្នុងប្រទេសកម្ពុជា មានការរអាក់រអួលសេវាអ៊ិនធឺណិតខ្សោយ ហើយមានក្រុមហ៊ុនខ្លះមិនដោះស្រាយបញ្ហា។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ដែលអន់ជាងគេនៅស្រុកខ្មែរ គឺក្រុមហ៊ុន ហូមអ៊ិនធឺណិត អាហ្នឹងម៉ែអន់ ឪអនហើយ ឥឡូវក្រសួងប្រៃសណីចុះពិនិត្យសិក្សា ជាមួយម្ចាស់ក្រុមហ៊ុន ហ្នឹងឱ្យបុគ្គលិកធ្វើការ»។
សម្ដេចតេជោលើកឡើងបែបនេះ បន្ទាប់ពីសម្ដេចបានទាក់ទងទៅបុគ្គលិកក្រុមហ៊ុននេះឱ្យចុះដោះស្រាយបញ្ហាអិនធឺណិតដើរយឺត ប៉ុន្តែបុគ្គលិកក្រុមហ៊ុននេះនៅតែមិនចុះដោះស្រាយ។ សម្ដេចតេជោជំរុញឱ្យម្ចាស់បុរី និងក្រុមហ៊ុនអ៊ីនធឺណិត ត្រូវយកវិធានការដែលបានដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគម និងបើកឱ្យមានការដំឡើងអង់តែនសេវាអ៊ីនធឺណិតបន្ថែមគ្រាប់ទីតាំងបើកឱកាសឱ្យក្រុមហ៊ុនចូល ដោយកុំដាក់ឧបសគ្គបច្ចេកទេសជារនាំង៕