ប៉ៃលិន៖ នៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ខេត្តប៉ៃលិន បើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មជូនដល់មន្ត្រីសាធារណៈ សមត្ថកិច្ចជំនាញ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នុត សាអាន ប្រធាន គ.ជ.ប.ទ និងលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលបានបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច នៅខេត្តនាពេលនេះ ។ ជាពិសេសគោលបំណង នៃវគ្គអប់រំផ្សព្វផ្សាយ គឺដើម្បីពង្រឹងសមត្ថភាព និងផ្សព្វផ្សាយបន្តអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការ ជាតិប្រឆាំងទារុណកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នុត សាអាន ប្រធាន គ.ជ.ប.ទ បានមានប្រសាសន៍បញ្ជាក់ថា៖ សមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលនឹងត្រូវបានដកហូតសេរីភាព ត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ទៅនឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ជាធរមាននិងធានាថាមន្ត្រីសាធារណៈជាអ្នកគ្រប់គ្រងមនុស្សដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវអនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរនិងការគោរព។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធាន គ.ជ.ប.ទ ក៏បានមានប្រសាសន៍ណែនាំ ដល់សិក្ខាកាមទាំងត្រូវយកស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ក្នុងអំឡុងពេលនៃវគ្គអប់រំផ្សព្វផ្សាយនេះ ព្រមទាំងពិភាក្សាលើប្រធានបទនានាដែលមាន ដើម្បីទទួលយកនូវចំណេះដឹងថ្មីៗ និងដំណោះស្រាយល្អៗ ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងរក្សាបាននូវសុខសន្តិភាពរបស់ប្រជាពលរដ្ឋស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ លោក គួន ថង