ខេត្តតាកែវ ៖ កម្លាំងចម្រុះ ចុះស្ទាក់ចាប់បានសត្វទា.រស់ ជិត៣ពាន់ក្បាល ដែលរថយន្ត១គ្រឿង លួចដឹកនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម កាលពីវេលម៉ោង២០និង១០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ២ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្ដាល បានស្ទាក់ចាប់បានរថយន្តមួយគ្រឿង ម៉ាក HYUNDIA ពណ៌ក្រហម ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៥តោន ពាក់ស្លាក់ស្លាកលេខកំពង់ចាម 3A-7172 ដឹកសត្វទារស់ចំនួន ២,៧២៥ក្បាល ដោយបានធ្វើការនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
រថយន្ត និងសត្វទាទាំងនោះ ត្រូវបានក្រុមការងារបាននាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
សកម្មភាពនេះ ដែលគេនាំគ្នានិយាយរិះគន់ថា រថយន្តដែលលួចដឹកចូលមកពីប្រទេសវៀតណាម ជាញឹកញាប់ តាមស្រុកបូរីជលសារដោយខុសច្បាប់ រួចដឹកបន្តយកទៅលក់ចែកចាយនៅភ្នំពេញ ក៏ដូចតាមបណ្តាខេត្តនានា ប្រសិនបើឈ្មួញមិនមានការត្រូវរ៉ូវគ្នាពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញមិនអាចនាំសត្វទា.រស់ចូលមកពីស្រុកយួន ចែកចាយក្នុងស្រុកយើងបានឡើយ ។
លោក ថៃ លី ប្រធានពេទ្យខេត្តតាកែវ នៅម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២៣ ឧសភានេះ កោះសន្តិភាពបានទាក់ទងតាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបំភ្លឺ ប៉ុន្តែហៅចូលហើយ លោកប្រធាន បានចុចបិទវិញ ៕