(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រតិភូនៃបណ្ដាប្រ ទេសក្នុងតំបន់ បានចាកចេញពីកម្ពុជា ជាបណ្ថើរៗ។ ប្រតិភូមកពីប្រទេសមីយ៉ាន់ម៉ា, ទីម័រខាងកើត, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ព្រុយណេ, ថៃ, សិង្ហបូរី, វៀតណាម និងឡាវ រួមទាំង មន្ដ្រីបច្ចេកទេសអន្ដរជាតិ បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ នៅថ្ងៃទី១៨ ខែឧសភា។
ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ មានការសម្របសម្រួល ពីក្រុមការងារពិធីការ នៃគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជា ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ បានចេញដំណើរ ចាប់ពីកន្លែងស្នាក់នៅ ចាប់ពីភូមិកីឡា ក៏ដូចជា សណ្ឋាគារនានា ក្នុងរាជធានីភ្នំពេញ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានការសម្រប សម្រួលឯកសារផ្សេងៗ មិនមានការរាំងស្ទះ ឬយឺតយ៉ាវ បានធ្វើឲ្យប្រតិភូ ក៏ដូចជា កីឡាករ-កីឡាការិនីទាំងអស់ កាន់តែសប្បាយរីករាយ និងមានមោទនភាពចំពោះកម្ពុជា ថែមទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-១៧ ខែឧសភា ដោយមានប្រតិភូ និងអត្តពលិកសរុប ៨.៧២៥ នាក់ មកពី ១១ ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនត្រូវឲ្យមានការបង់ថ្លៃ ទាំងការស្នាក់នៅ-ហូបចុក ក៏ដូចជាការធ្វើដំណើរកម្សាន្ដ នៅតំបន់អង្គរថែមទៀតផង៕