(អន្តរជាតិ)៖លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងមិនសុំទោសចំពោះការទម្លាក់គ្រាប់បែកបរមាណូកាលពីឆ្នាំ ១៩៤៥ លើទីក្រុង Hiroshima និង Nagasaki នោះទេ ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថាតើលោក បៃដិន មានបំណងចេញលិខិតសុំទោសចំពោះហេតុការណ៍ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងរបស់ជប៉ុនឬយ៉ាងណានោះ, លោក Sullivan បាននិយាយថា លោកប្រធានាធិបតីអាមេរិកនឹងមិនធ្វើសេចក្តីថ្លែងការណ៍សុំទោសណាមួយនៅឯឧទ្យានអនុស្សាវរីយ៍សន្តិភាព Hiroshima នោះទេ ។
ទន្ទឹមនោះ ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅលើយន្តហោះប្រធានាធិបតីដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7, លោក Sullivan បានចង្អុលបង្ហាញថា លោក បៃដិន រួមជាមួយមេដឹកនាំក្រុមប្រទេស G7 ដទៃទៀត នឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និងធ្វើការគោរពដល់ជនរងគ្រោះកាលពីសម័យសង្គ្រាមលោក ប៉ុន្តែចំពោះការសុំទោសណាមួយវិញនោះ លោក បៃដិន យល់ឃើញថា នេះមិនមែនជា “ពេលវេលាទ្វេភាគី” ដើម្បីធ្វើសេចក្ដីថ្លែងការណ៍បែបនេះនោះទេ ។
គួរបញ្ជាក់ថា ឆ្នាំនេះជប៉ុននឹងធ្វើជាប្រធានសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ហើយកិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់ខ្លួននឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ៕