(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា « យើងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកាចសាហាវនានា ដែលយើងមិនអាចបានស្មានថានឹងអាចមានអ្វីកើតឡើងនៅពេលខាងមុខ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួនជាង ១៣០០នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា «ជាក់ស្ដែង ដូចជាជំងឺ covid 19 ដែលយើងមិនអាចស្មានដឹងថា មានជំងឺ covid 19 ហើយក៏មានប្រទេសមួយចំនួនមើលស្រាលជំងឺ»។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដើរមុនមួយជំហាន នូវការដាក់វិធានការការពារ ។ សម្តេចបន្តថា កម្ពុជាបានយកប្រទេសចិនធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយបានដាក់វិធានការការពារផ្សេងៗទៀត។
សម្ដេចក៏បានបញ្ជាក់ថា ការការពាររបស់រាជរដ្ឋាភិបាលកន្លងទៅ គឺខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅព្យាបាល ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា មិនឲ្យពលរដ្ឋណាដេកស្លាប់តាមផ្លូវដោយគ្មានកន្លែងព្យាបាលនោះទេ នេះជាវិធានការការពារ។ សម្តេចបានមានប្រសាសន៍ប្រទេសខ្លះរកតែអុសដុតសពពលរដ្ឋខ្លួនមិនបានផង៕