(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការសម្រេចចិត្តរបស់សម្ដេច គឺពិតជាត្រឹមត្រូវចំពោះការមិនយកប្រាក់ សម្រាប់ប្រទេសចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ការលើកឡើងនេះ នៅគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បានបិទបញ្ចប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ប្រកប ដោយជោគជ័យ កាលពីយប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ហើយគណៈប្រតិភូកីឡាតាមបណ្ដាប្រទេសនានា ក៏បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសពួកគេវិញ ជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្ដេច បានសម្រេចចិត្តត្រូវក្នុងការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមប្រកប ដោយការទទួលខុសត្រូវ ហើយប្រទេសដែលចូលរួមមិនតម្រូវឲ្យចំណាយថវិកាឡើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះ ចាប់ពីយកគំនិតផ្ដួចផ្ដើមស្ដីអំពីសមាហរកម្មអាស៊ានមួយផ្នែកបញ្ចូលមក តាម រយៈនៃការមិនបង់ថ្លៃ»។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តទៀតថា «លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិចាយអត់អស់ទេ។ សូមជម្រាបថា ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕