(អន្តរជាតិ)៖ អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃពុធទី១៧ខែឧសភាថា ប្រាកដណាស់ ឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ នឹងក្លាយជារយៈពេលប្រាំឆ្នាំក្តៅបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយកត្តាដែលធ្វើឲ្យសីតុណ្ហភាពកើនឡើងខ្លាំងនេះ គឺបណ្តាលមកពីឧស្ម័នផ្ទះកញ្ចក់ និងបាតុភូត El Nino។បាតុភូត El Nino ជាកម្ដៅនៅប៉ែកខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសតាមបណ្ដោយខ្សែបន្ទាត់អេក្វាទ័រនៃផែនដី។
កម្ដៅនៃទឹកសមុទ្រ បានបក់បោកមកកាន់ប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈខ្យល់ ហើយបាតុភូតអាកាសធាតុនេះ ជាធម្មតាកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តង។ ជាធម្មតា El Nino បានបង្កើនសីតុណ្ហភាពសកលក្នុងឆ្នាំ បន្ទាប់ពីវាវិវឌ្ឍ ដែលនៅក្នុងវដ្តនេះនឹងមកដល់ក្នុងឆ្នាំ២០២៤។ អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បាននិយាយថា សីតុណ្ហភាពសកល នឹងកើនឡើង លើសគោលដៅមហិច្ឆតាដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ បានកំណត់ឲ្យប្រទេសនានា ត្រូវយល់ព្រមកាត់បន្ថយការឡើងកម្តៅផែនដីជាមធ្យម ទាបជាង២អង្សាសេ ឬក្រោម១.៥អង្សាសេ ប្រសិនបើអាចទៅរួច ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលប្រាំបីឆ្នាំដែលក្តៅបំផុតមិនធ្លាប់មាន គឺត្រូវបានកត់ត្រានៅចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២២ ប៉ុន្តែសីតុណ្ហភាពត្រូវបានគេព្យាករថានឹង ហក់ឡើងបន្ថែមទៀត ពេលដែលអាកាសធាតុ បម្រែបម្រួលកាន់តែខ្លាំង។ យោងតាម WMO, មានលទ្ធភាព៩៨ភាគរយ ដែលយ៉ាងហោចណាស់មួយក្នុងចំណោម៥ឆ្នាំខាងមុខ ហើយរយៈពេល៥ឆ្នាំទាំងមូល នឹងមានភាពក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត៕