ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ, តំណាងក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តប៉ៃលិន, និងប្រជាពលរដ្ឋ បានចុះពិនិត្យ និង កំណត់ទីតាំងសំរាប់ជីកបង្កប់ទុយោទឹកស្អាត ដើម្បី តទឹកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងភូមិចំនួន៥ ដែលរួមមានៈ សួនអំពៅកើត ភូមិសួនអំពៅលិច ភូមិប៉ាហ៊ីជើង ភូមិទឹកថ្លា និងភូមិអូរតាប្រាំង ដែលភូមិទាំង៥នេះ មានផ្នែកខ្លះបាន តទឹកស្អាត ជូនប្រជាពលរដ្ឋបានប្រើប្រាស់រួចហើយ និងមានផ្នែកខ្លះទៀត មិនទាន់បាន តទឹកស្អាតនៅឡើយទេ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដោយមានការស្នើសុំពីសំណាក់ប្រជាពលរដ្ឋ តាមរយៈលោកមេភូមិទាំង៥ , លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានណែនាំអោយមន្រ្តីជំនាញ និងក្រុមហ៊ុនផ្ទត់ផ្គង់ទឹកស្អាតក្នុងខេត្ត ចុះពិនិត្យ សិក្សាពីលទ្ធភាពក្នុងការតបណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា លោកជំទាវ បាន ស្រីមុំ មានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាទឹកស្អាត និង អនាម័យជនបទ ព្រោះជាតម្រូវការជាក់ស្តែង និងចាំបាច់បំផុត ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយវាក៏មានឥទ្ធិពលខ្លាំងណាស់ ដល់សុខភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងសង្គមជាតិរបស់យើង។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាៈ ការផ្គត់ផ្គង់ទឹកស្អាតជូន ដល់ប្រជាពលរដ្ឋប្រើប្រាស់ គឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយបានកំណត់ថា នៅក្នុងឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់បានគ្រប់ៗក្រុមគ្រួសារ។ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយសម្រួលចំពោះផលប៉ះពាល់ពីការជីកដីបង្កប់ទុយោទឹក និងចូលរួមថែរក្សា និប្រើប្រាស់ទឹកស្អាតអោយបានត្រឹមត្រូវ។
បើតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានអោយដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ដែលទទួលបានទឹកស្អាតប្រើប្រាស់សរុប មានចំនួន ៩៤ភូមិ, មានប្រជាពលរដ្ឋចំនួន ១២១៤០គ្រួសារ ស្មើនឹង ៧២,១% នៃប្រជាពលរដ្ឋសរុប នៅក្នុងខេត្តប៉ៃលិន៕ អត្ថបទ៖ លោក វួច ពឿន