ឱកាសនៃការកើតជំងឺទឹកនោមផ្អែម គឺអាស្រ័យទៅលើហ្សែន និងបែបបទរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការផឹកគ្រឿងស្រវឹងជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។
ជាក់ស្តែង ជំងឺទឹកនោមផ្អែមប្រភេទ២ ជាបញ្ហាសុខភាពដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ក្នុងករណីដែលយើងគ្រប់គ្រងមិនបានល្អ នោះនឹងអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ងងឹតភ្នែក ជំងឺតម្រងនោម និងការខូចសរសៃប្រសាទ។
ការផឹកគ្រឿងស្រវឹង អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម
ចំណុចសំខាន់ៗបីយ៉ាង ដែលការផឹកគ្រឿងស្រវឹង អាចជាកត្តាបង្កឲ្យកើតជំងឺទឹកនោមផ្អែម៖
- ផឹកគ្រឿងស្រវឹងក្នុងកម្រិតច្រើនជាប្រចាំ អាចកាត់បន្ថយភាពរំញោចទៅនឹងអាំងស៊ុយលីនរបស់រាងកាយ ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
- ជំងឺទឹកនោមផ្អែម ជាផលរំខានទូទៅនៃជំងឺរលាកលំពែងរ៉ាំរ៉ៃដែលអាចបណ្តាលមកពីការផឹកគ្រឿងស្រវឹងច្រើន។
- គ្រឿងស្រវឹងផ្ទុកកាឡូរីច្រើន ដូច្នេះហើយ ការផឹកគ្រឿងស្រវឹងក៏អាចបង្កើនហានិភ័យនៃការធាត់ជ្រុល ឬលើសទម្ងន់ ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២
- អស់កម្លាំង
- ព្រឹលភ្នែក
- ស្រេកទឹកខុសពីធម្មតា
- នោមច្រើនជាងធម្មតា ជាពិសេសនៅពេលយប់
- រមាស់ប្រដាប់ភេទ
- របួសក្រជាសះស្បើយ។
ប៉ុន្តែក៏មានអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ជាច្រើននាក់ ពុំមានរោគសញ្ញាដែរ ដូច្នេះហើយ ការពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញ គឺជាជម្រើសតែមួយគត់៕