ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ១គ្រួសារនិយាយរៀបរាប់រឿងហេតុដែលបានជួបប្រទះទាំងអួលដើម.ក ពេលឃើញហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់ ខណៈពួកគាត់ខំប្រឹងរកថវិកាដើម្បីបង់រំលោះម៉ូតូស៊េរីទំនើប១គ្រឿងទាំងត្រដាបត្រដួស ហើយពួកគាត់ទើបតែបង់បានរយៈពេល៦ខែតែប៉ុណ្ណោះ ដើម្បីដឹកកូនៗទៅរៀន ព្រោះសាលានៅឆ្ងាយ។ លុះពេលបុរសជាប្តីជាប់រវល់ទៅស៊ីឈ្នួលបេះផ្លែស្វាយឱ្យគេ រីឯប្រពន្ធជាប់ហាលខោអាវនៅខាងក្រោយផ្ទះមួយភ្លែតសោះ ស្រាប់តែក្រុមចោរមានគ្នា២នាក់ចូលទៅកាច់សោ.កម៉ូតូ រួចបើកចេញទៅបាត់ស្រមោលតែម្តង។ហេតុការណ៍ចោរចូលកាច់សោ.កម៉ូតូទាំងកណ្តាលថ្ងៃត្រង់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅក្បែរបន្ទាយយោធា ជាប់នឹងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។បើប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ថា រដ្ឋ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ឡិប មករា រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានបាត់ម៉ូតូ១គ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ប៉ៃលិន1D 1771 និងមានសម្ភារៈជាប់ក្នុងកែបម៉ូតូទៀត ដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៤សន្លឹក រួមទាំងថវិកាចំនួន១៦ម៉ឺនរៀលទៀតផង។ប្រភពដដែលបន្តថា មុនពេលកើតហេតុ បុរសជាប្តីបានទុកម៉ូតូដែលត្រូវចោរលួចខាងលើនោះ ឱ្យប្រពន្ធសម្រាប់ឌុបកូនៗទៅសាលារៀន ហើយរូបគេ (ប្តី) បានចេញទៅស៊ីឈ្នួលបេះផ្លែស្វាយ ដើម្បីយកថវិកាមកទុកបង់ថ្លៃម៉ូតូប្រចាំខែ ដែលទើបតែបង់បានរយៈពេល៦ខែប៉ុណ្ណោះ។ ពេលនោះស្ត្រីជាប្រពន្ធបានចាក់សោ.កម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះ ចំណែករូបនាង (ប្រពន្ធ) កំពុងតែជាប់រវល់ហាលខោអាវនៅខាងក្រោយផ្ទះប្រហែល១០ម៉ែត្រមួយភ្លែតសោះ ក៏ស្រាប់តែឮសម្លេងកាច់សោ.កម៉ូតូ និងបញ្ឆេះជិះឆ្ពោះទៅទិសខាងកើតបាត់។
ប្រភពដដែលបន្តទៀតថា ស្របពេលនោះកូនៗរបស់នាងបានស្រែកប្រាប់ម្តាយថា «មានគេជិះម៉ូតូយើងចេញទៅហើយ»។ គ្រាន់តែឮភ្លាម នាងក៏ស្ទុះមកស្រែកហៅឱ្យគេឯងជួយតាមចាប់ចោរនោះ ប៉ុន្តែអ្វីៗហួសពេលបាត់ទៅហើយ ព្រោះអ្នកដែលស្នាក់នៅក្នុងផ្ទះសុទ្ធតែស្រីៗ និងក្មេងតូចៗ មិនអាចជួយដេញតាមទាន់ចោរនោះទេ មានតែស្រែកទ្រហោយំតែប៉ុណ្ណោះ។
ទោះបីជាគ្មានសង្ឃឹមថា នឹងបានម៉ូតូត្រឡប់មកវិញ ក៏ប្តីប្រពន្ធខាងលើ សុំអំពាវនាវដល់សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន និងស្នងការនគរបាលខេត្ត ឱ្យជួយតាមស៊ើបអង្កេតចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយជួយរកម៉ូតូជូនពួកគេវិញផង ដើម្បីអាចនឹងដឹកកូនៗទៅសាលារៀន ព្រោះបច្ចុប្បន្ននេះ គ្មានអ្វីទីពឹងនោះទេ ណាមួយសុំដីគេស្នាក់នៅថែមទៀតផង។
សូមបញ្ជាក់ថា បច្ចុបន្ននេះ ក្រុមចោរកាន់តែសកម្មខាងចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនទាំងយប់ទាំងថ្ងៃ ធ្វើឱ្យម្នាក់ៗមានការខ្លាចរអារយ៉ាងខ្លាំង៕