(ចិន)៖ យោធាចិន បានប្តេជ្ញាកម្ទេចចលនាផ្តាច់ខ្លួនណាមួយនៅកោះតៃវ៉ាន់ ហើយព្រមានថា ការដែលទីក្រុងវ៉ាស៊ីនតោន ជ្រៀតជ្រែកកាន់តែខ្លាំងក្នុងបញ្ហាកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានបង្កើតឲ្យមានការប្រេះស្រាំដ៏គ្រោះថ្នាក់ចំពោះទំនាក់ទំនងចិន-អាមេរិក។អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារទី១៦ខែឧសភានៅទីក្រុងប៉េកាំងថា កងទ័ពរំដោះប្រជាជនចិន កំពុងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមលក្ខណៈយោធា ហើយនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់ទម្រង់នៃអបគមន៍ឯករាជ្យតៃវ៉ាន់ រួមជាមួយនឹងការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
លោក Tan បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់អាមេរិក ក្នុងការផ្តល់ជំនួយយោធាមានទំហំទឹកប្រាក់៥០០លានដុល្លារឲ្យតៃវ៉ាន់។ លើសពីនេះ មន្ទីរបញ្ចកោណ បានបញ្ជូនទាហានរហូតដល់ទៅ ២០០នាក់ ទៅកាន់កោះនេះ ដើម្បីហ្វឹកហ្វឺនយោធា។ លោក Tan និយាយថា ការបង្កើនទំនាក់ទំនងលើវិស័យការពារជាតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បាននាំឲ្យរង្គោះរង្គើដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិក និងធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះជាទង្វើខុសឆ្គង និងគ្រោះថ្នាក់ខ្លាំងណាស់។ស្របពេលជាមួយគ្នានោះ លោក Tan បានហៅបញ្ហាកោះតៃវ៉ាន់ថាជា “ខ្សែក្រហមដំបូងដែលមិនអាចឆ្លងកាត់បាន” ក្នុងទំនាក់ទំនងរបស់ចិនជាមួយអាមេរិក។
លោកក៏បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន គោរពតាមគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិន រួមទាំងតៃវ៉ាន់ផងដែរ។ គួរបញ្ជាក់ជាថ្មី វ៉ាស៊ីនតោនបានធ្វើឲ្យទីក្រុងប៉េកាំង ខឹងសម្បារួចទៅហើយ ដោយសារតែការលក់សព្វាវុធទៅឲ្យតៃវ៉ាន់ និងបញ្ជូនគណៈប្រតិភូនយោបាយទៅទីនោះ។ ប្រទេសចិនបានបង្កើនសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ និងផ្តាច់ទំនាក់ទំនងការពារជាតិ និងអាកាសធាតុជាមួយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីប្រធានសភា Nancy Pelosi ធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះនេះ៕