(អាមេរិក)៖ក្រសួងថាមពលរបស់សហរដ្ឋអាមេរិកនឹងទិញប្រេងឆៅចំនួន ៣ លានបារ៉ែលដើម្បីបំពេញទុនបម្រុងប្រេងយុទ្ធសាស្ត្រឡើងវិញទុកសម្រាប់ការចែកចាយនៅក្នុងខែសីហា ។រដ្ឋលេខាធិការក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm បានប្រាប់ទៅសភាថា គោលការណ៍ទិញប្រេងនេះអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដើម្បីយកទៅបំពេញឃ្លាំងប្រេង Big Hill SPR ក្នុងរដ្ឋ Texas បន្ទាប់ពីការលក់ចេញក្នុងបរិមាណដ៏ច្រើនកាលពីឆ្នាំមុន ។
សម្រាប់ឆ្នាំ ២០២២ រដ្ឋបាលលោក ចូ បៃដិន បានធ្វើការលក់ប្រេងបម្រុងដ៏ច្រើនបំផុតមិនធ្លាប់មានចំនួន ១៨០ លានបារ៉ែល ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងដែលកំពុងកើនឡើង ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងតម្លៃប្រេងសកលឡើងខ្ពស់ ។ខណៈពេលនោះ ធ្វើឲ្យអាមេរិកសល់ប្រេងបម្រុងត្រឹមតែ ៣៧២ លានបារ៉ែលប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ១៩៨៣ មក ដែលបានធ្វើឲ្យគណបក្សសាធារណរដ្ឋខឹងសម្បារយ៉ាងខ្លាំង ។ ប៉ុន្តែរដ្ឋាភិបាលលោក ចូ បៃដិន សន្យាថា នឹងទិញប្រេងចូលវិញនៅពេលដែលតម្លៃថេរ ឬក្រោម ៦៧ ដុល្លារ ទៅ ៧២ ដុល្លារ ក្នុងមួយបារ៉ែល ស្របពេលបច្ចុប្បន្ន តម្លៃប្រេងឆៅអាមេរិកមានតម្លៃប្រហែល ៧១ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ៕