(ថៃ)៖មន្ត្រីយោធាកំពូលរបស់ប្រទេសថៃទាំង៥រូប និងអគ្គស្នងការនគរបាលជាតិ ដែលស្ថិតនៅក្នុងព្រឹទ្ធសភា បាននិយាយថា ពួកគេនឹងមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីឡើយ។ នេះបើតាមការឲ្យដឹងពីប្រភពយោធា នៅថ្ងៃពុធទី១៧ខែឧសភា។មន្ត្រីយោធាកំពូលទាំង៥រូបនៅក្នុងព្រឹទ្ធសភានេះគឺមានដូចជា លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ Sanitchanok Sangkhachan, អគ្គមេបញ្ជាការកំពូល Chalermpol Srisawat, មេបញ្ជាការកងទ័ព Narongpan Jitkaewthae, មេទ័ពជើងទឹក Choengchai Chomchoengpaet និងមេទ័ពអាកាស Alongkorn Vannarot។ ប្រភពខាងលើបានឲ្យដឹងថា មន្ត្រីយោធាកំពូលទាំង៥រូបនេះ និងអគ្គស្នងការនគរបាលជាតិ Damrongsak Kittiprapas បានសម្រេចចិត្ត មិនចូលរួមជាមួយសមាជិកព្រឹទ្ធសភាចំនួន២៤៤រូបទៀត ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលបានអះអាងថា មេប៉ូលិស និងមេទ័ព បានលះបង់សិទ្ធិបោះឆ្នោតលើបញ្ហានយោបាយ ព្រោះពួកគេចង់រក្សាអព្យាក្រឹតភាព។ លើសពីនេះ អ្នកទាំង៦បានប្រកាសថា ពួកគេនឹងមិនយកប្រាក់ខែសមាជិកព្រឹទ្ធសភាឡើយ ហើយបដិសេធបោះឆ្នោតលើបញ្ហាផ្សេងទៀតនៅក្នុងសភា។ ប្រភពខាងលើបានបន្ថែមថា វានឹងចំណាយពេលបន្តិច មុនពេលដែលសភាទាំងពីរ ធ្វើការរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោត មិនទាន់អនុម័តលទ្ធផលឆ្នោតសម្រាប់សភាតំណាងរាស្រ្ត ដើម្បីកោះប្រជុំលើកដំបូង និងជ្រើសរើសប្រធានសភា។ គួរបញ្ជាក់ថា ការជ្រើសរើសតំណែងនាយករដ្ឋមន្ត្រីថៃ ត្រូវតែទទួលបានសំឡេងគាំទ្រ ពីសភាទាំង២យ៉ាងតិច ៣៧៦សំឡេង នៅក្នុងចំណោមរដ្ឋសភា ដែលមាន៥០០អាសនៈ និង ព្រឹទ្ធសភា ដែលមាន២៥០អាសនៈ៕